ប៉ូលិសនៅលើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ពួកគេបានរំដោះស្ត្រីម្នាក់ ដែលត្រូវបានគ្រូមើលជំងឺម្នាក់ ចាប់ និងឃុំខ្លួននៅក្នុងរូងភ្នំអស់រយៈពេល ១៥ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់ BBC កាលពីថ្ងៃម្សិលមិញនេះ។
គ្រូមើលជំងឺវ័យ ៨៣ឆ្នាំខាងលើ ត្រូវបានគេចោទប្រកាន់ថា បានចាប់ជំរិតស្ត្រីរងគ្រោះ កាលពីនាងនៅមានអាយុ ១៣ឆ្នាំ និងធ្វើការដុតខាតខួរក្បាលនាង ដើម្បីឲ្យនាងជឿជាក់ថា គាត់ (គ្រូ) មានព្រលឹងកាន់។
បុរសជាគ្រូរូបនោះ បាននាំយកនាងទៅផ្ទះរបស់គាត់នៅពេលយប់ និងធ្វើការរំលោភបំពានផ្លូវភេទលើនាងអស់រយៈពេលជាង ១០ឆ្នាំមកហើយ។
គាត់ត្រូវបានគេចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា បុរសរូបនោះមានឈ្មោះថា Jago ហើយគាត់ជាអ្នកមើលជំងឺ និងចេះធ្វើអំពើតាមផ្លូវងងឹត ប៉ូលិសនិយាយថា កាលពីឆ្នាំ ២០១៣ ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ត្រូវគ្រួសារនាំយកទៅព្យបាលជំងឺ ជាមួយបុរសខាងលើ និងបានឲ្យនៅជាមួយគាត់ ប៉ុន្តែក្រោយមក នៅក្នុងឆ្នាំដដែល នាងបានបាត់
ខ្លួន ហើយបុរសជាគ្រូរូបនោះបានប្រាប់គ្រួសាររបស់នាងថា នាងបានចេញទៅរដ្ឋធានីចាកាតា ដើម្បីស្វែងរកការងារធ្វើនៅទីនោះ។
ក្រុមគ្រួសារបានព្យាយាមស្វែងរកក្មេងស្រីនោះអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែចុងបញ្ចប់ នាងត្រូវបានគេប្រកាសថា បានបាត់ខ្លួន។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប៉ូលីសបានធ្វើដំណើរកោះ Sulawesi ហើយបានបានឃើញស្ត្រីម្នាក់ នៅចន្លោះផ្ទាំងថ្ម នៅក្បែរផ្ទះបុរសជាគ្រូ។
ប៉ូលីសឥណ្ឌូនេស៊ីបញ្ជាក់ថា គ្រូមើលជំងឺបានរំលោភក្មេងស្រីរងគ្រោះតាំងពីនាងមានអាយុ ១៣ឆ្នាំ ហើយគាត់ប្រហែលជាបង្ហាញពីរូបថតព្រលឹង ដែលគាត់អះអាងប្រាប់នាងថា បានកាន់គាត់។
ប៉ូលីសនិយាយទៀតថា ក្មេងស្រីរងគ្រោះទំនងត្រូវបានគ្រូខាងលើ ធ្វើការដុសខាត់ខួរក្បាល ដើម្បីធ្វើឲ្យនាងមានការភ័យខ្លាច មិនហ៊ានរត់ចេញក្រៅ និងមិនហ៊ានជួបអ្នកដទៃ ដោយសារតែនាងជឿថា មានព្រលឹងខ្មោចកំពុងតែឃ្លាំមើលនាង។
ជនសង្ស័យអាចប្រឈមនឹងការជាប់គុករយៈពេល ១៥ឆ្នាំ ប្រសិនជាតុលាការរកឃើញមានទោស៕ សុភ័ក្ត្រ