អាកាសយានដ្ឋានសៀមរាបអង្គរ បានបើកដំណើរការជាផ្លូវកាលពីខែតុលា ឆ្នាំ ២០២៣ វិនិយោគជាង ១៣០០ លានដុល្លារ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងស្ថិតនៅស្រុកសូទ្រនិគម មានចម្ងាយជាង ៥០ គីឡូម៉ែត្រពីក្រុងសៀមរាប ជាព្រលានយន្តហោះកម្រិត 4E ដែលអាចទទួលយន្តហោះឆ្លងទ្វីបចុះចតបាន។

មន្រ្តីសម្របសម្រួលនៅអាកាសយានដ្ឋានសៀមរាបអង្គរ បានឲ្យដឹងថា លំហូរអ្នកធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានសៀមរាបអង្គរមួយថ្ងៃមានជាង ៥០០០នាក់ ចំនួនជើងហោះហើរទាំងឡើងទាំងចុះ មានជាង ៥០ ជើង ខណៈបច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១១ បានភ្ជាប់ការហោះហើរ មកអាកាសយានដ្ឋានសៀមរាបអង្គរថ្មី។

លោក យឹម សានីរាន មន្រ្តីសម្របសម្រួលនៅអាកាសយានដ្ឋានសៀមរាបអង្គរ បានឲ្យកម្ពុជាថ្មីដឹងថា ក្រុមហ៊ុនអាកាសចរណ៍ទាំង ១១នោះ មានដូចជា ក្រុមហ៊ុន China Eastern Airlines (MU) ក្រុមហ៊ុន Cambodia Angkor Air (K6) ក្រុមហ៊ុន Vietnam Airlines (VN) ក្រុមហ៊ុន Singapore Airlines (SQ) ក្រុមហ៊ុន Malaysia AirAsia (AK) ក្រុមហ៊ុន Thai AirAsia (FD) ក្រុមហ៊ុន Thai Airways (TG) ក្រុមហ៊ុន Bangkok Airways (PG) ក្រុមហ៊ុន Lao Airlines (QV) ក្រុមហ៊ុន Vietjet Air (VJ) ក្រុមហ៊ុន Sky Angkor Airlines (ZA)។
គួរបញ្ជាក់ថា ជាមួយគ្នានេះ មានទីក្រុងចំនួន ១៥ ដែលបានតភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានសៀមរាបអង្គរ មានទីក្រុងគុនមីង (ប្រទេសចិន) ទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ (ប្រទេសកម្ពុជា) ទីក្រុងប៉ាក់សេ និងហ្លួងព្រះបាង (ប្រទេសឡាវ) ទីក្រុងកូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី) ទីក្រុងបាងកក (ប្រទេសថៃ) ទីក្រុងសិង្ហបុរី (ប្រទេសសិង្ហបុរី) ទីក្រុងហូជីមីញ ហាណូយ ដាណាង (ប្រទេសវៀតណាម) ទីក្រុងអីងជុន ដេគូ ប៊ូសាន និងម៉ូន (ប្រទេសកូរ៉េខាងត្បូង)៕