ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា ដឹកនាំក្រុមការងារដោយ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានជួបពិភាក្សា ជាមួយសហគ្រាស CHN ENERGY ក្នុងគោលបំណងពិនិត្យអំពីកាលានុវត្តភាពវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ ដែលមានទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារអាម៉េរិកនៅកម្ពុជា។

សមភាគីទាំង២ បានលើកឡើងអំពីបំណងបណ្តាក់ទុនវិនិយោគលើគម្រោងថាមពលកកើតឡើងវិញនេះ មានជាអាទិ៍គម្រោងសាងសង់ និងប្រតិបត្តិការវារីអគ្គិសនី និងគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ ដោយហេតុថា កម្ពុជា គឺជាទីតាំងយុទ្ធសាស្ត្រប្រកបដោយសក្តានុពល ក្នុងការប្រកបធុរកិច្ចលើវិស័យខាងលើ អបដោយអេកូឡូស៊ី គាំទ្រដល់ប្រតិបត្តិការអាជីវកម្មប្រកបដោយភាពទាក់ទាញ និងលេចធ្លោជាងគេក្នុងតំបន់។

លោក បានសម្តែងនូវការស្វាគមន៍សម្រាប់បំណងរបស់សហគ្រាស ក្នុងការបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ធំគួរឱ្យកត់សម្គាល់ និងបានជម្រាបជូនអំពីការត្រៀមលក្ខណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគជូនសមភាគីប្រកបដោយទំនុកចិត្តខ្ពស់ ដោយហេតុថានិន្នាការតំបន់ និងអន្តរជាតិបាន និងកំពុងតែបោះជំហានក្នុងការធ្វើបរិវត្តកម្មថាមពលទៅជាថាមពលបៃតង ហើយសកម្មភាពវិនិយោគលើវិស័យនេះ មានចែងយ៉ាងជាក់ច្បាស់ក្នុងមាត្រា ២៤ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

លោក សួន សុផល បានធ្វើការណែនាំជូនភាគីមិត្តឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅបន្ស៊ីគម្រោងវិនិយោគខាងលើឱ្យមានសង្គតិភាព ជាមួយផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០៕
