ភ្នំពេញ៖ ក្នុងសិក្ខាសាលាផ្សព្វផ្សាយមួយ ស្តីពីច្បាប់វិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់វិនិយោគ ដែលរៀបចំធ្វើឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែចុងក្រោយ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ១៧៣ គម្រោង ដែលមានទំហំទឹកប្រាក់ប្រមាណ ៤ ពាន់លានដុល្លារ ។

តួលេខនេះ បានបង្ហាញពីការកើនឡើងចំនួន ៨៣ គម្រោង បើធៀបនឹងរយៈពេលពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈទុនវិនិយោគ បានកើនឡើងចំនួន ៣,១ ពាន់លានដុល្លារ។ ហើយគម្រោងវិនិយោគ ដែលបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ត្រូវបានគេរំពឹងថា នឹងបង្កើតការងារសរុបចំនួន ១៨០,២២៥ កន្លែង ដល់ប្រជាពលរដ្ឋខ្មែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា គឺជាច្បាប់បើកចំហសម្រាប់អ្នកវិនិយោគទាំងអស់ មិនថាខ្មែរ ឬបរទេស ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងសហការជាមួយរដ្ឋបាលរាជធានី-ក្រុង សមាគមឧកញ៉ាកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំសៀវភៅស្តីពីសក្តានុពលវិនិយោគរបស់រាជធានី-ខេត្តទាំង២៥៕
