ភ្នំពេញ៖ កម្ពុជា មានគម្រោងវិនិយោគថ្មី ១០៦ គិតជាទឹកប្រាក់ជាង ២ពាន់២០០លានដុល្លារអាមេរិក និងបានបង្កើតការងារជូនដល់ពលរដ្ឋកម្ពុជាប្រមាណ ជាង ១០ម៉ឺន ៧ពាន់កន្លែង នៅក្នុងរយៈពេល៣ខែដើម ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងដូចនេះ ក្នុងអំឡុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

ការកើនឡើងនៃគម្រោងទាំងនេះ គឺដោយសារវត្តមាននៃគម្រោងថ្មីនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍, និងគម្រោងពង្រីកផលិតកម្មនៃវិស័យឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDD បានបង្ហាញថា គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង ក្នុងនោះ មានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដោយឡែកគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣៣គម្រោង ក្នុងនោះ មានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង។ ជារួមក្នុងត្រីមាសទី១ ឆ្នាំ ២០២៤នេះ ការអនុម័តគម្រោង វិនិយោគមានការកើនឡើងចំនួន ៦៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណ ជិត ២ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៦៤៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣៕
