Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងការងារ បញ្ជាក់ពីការជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរ៧៨នាក់ ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត

spot_img

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបញ្ជាក់ពីការជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរ៧៨នាក់ ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត ហើយកំពុងរៀបចំសំបុត្រយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។

ព័ត៌មានអំពីករណីប្រជាពលរដ្ឋខ្មែរចំនួន ៧៨នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត។

ក្រោយការទទួលបានព័ត៌មាននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមាននិវេសនដ្ឋានទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានទំនាក់ទំនងរកឃើញទីតាំង ហើយ កំពុងរៀបចំសំបុត្រយន្តហោះជូនបងប្អូនឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែមេសា ចំនួន ២៩នាក់, នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ចំនួន ២៧នាក់, និងថ្ងៃចុងក្រោយគឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ចំនួន ២២នាក់។

ឯកឧត្តម ហេង សួរ បានថ្លែងថា “នៅវេលាម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ខ្ញុំបានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតីហ៊ុន ម៉ាណែត លោកបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

ខ្ញុំពិតជាបានធូរស្បើយក្នុងចិត្តពេលបានជួបនិយាយជាមួយបងប្អូនផ្ទាល់ និងក្រោយពេលពិនិត្យឃើញថាសុវត្ថិភាពរបស់បងប្អូនត្រូវបានធានា។ ពេលនេះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្សីបបាននិងកំពុងធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយបងប្អូនដែលនៅតំបន់ផ្សេងទៀតផងដែរ។

រាជរដ្ឋាភិបាលនឹងចាត់ចែងលើការទិញសំបុត្រយន្តហោះជូនបងប្អូន។ ពេលនេះ សំបុត្រយន្តហោះសម្រាប់បងប្អូនទាំង ២៩នាក់ ដែលកំពុងស្នាក់នៅទីក្រុង Jeddah ត្រូវបានរៀបចំរួច ហើយស្អែកម៉ោង ១០យប់ ម៉ោងនៅអារ៉ាប៊ីសាអូឌីត បងប្អូននឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំណែកបងប្អូនដែលនៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរជាបន្តបន្ទាប់។

ក្នុងការសន្ទនាជាមួយខ្ញុំ បងប្អូនពលការិនីយើងបានថ្លែងអំណរគុណដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងភាគីពាក់ព័ន្ធ ដែលបានចាត់វិធានការទាន់ពេលវេលា ជួយបងប្អូនបានវិលត្រឡប់មកប្រទេសកំណើតវិញក្នុងពេលដ៏ខ្លីនេះ។

សូមជូនពរបងប្អូនធ្វើដំណើរប្រកបដោយសុវត្ថិភាព និងឆាប់បានវិលត្រឡប់មកជួបជុំគ្រួសារវិញ”។

សូមជម្រាបថា បងប្អូនប្រជាពលរដ្ឋទាំង ៧៨នាក់នេះ មានចំនួន ៥១នាក់ កំពុងស្ថិតនៅទីក្រុង Jeddah ចំនួន ១៥នាក់ កំពុងស្ថិតនៅរាជធានី Riyadh និងចំនួន ១២នាក់ កំពុងស្ថិតនៅទីក្រុង Dammam នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។ បច្ចុប្បន្នបងប្អូនបានស្ថិតនៅក្នុងកន្លែងប្រមូលផ្តុំតាមទីក្រុងនីមួយៗ ដើម្បីរង់ចាំការរៀបចំសំបុត្រយន្តហោះ។ ក្នុងអំឡុងពេលរង់ចាំនេះ ឯកឧត្តម អ៊ុក សារុន អគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងទទួលសម្របសម្រួលបន្ថែមជាមួយមន្ត្រីអន្តោប្រេវសន៍នៃប្រទេសម្ចាស់ផ្ទះដើម្បីបំពេញឯកសារផ្សេងៗ និងសម្រួលលើការហូបចុក និងស្នាក់នៅរបស់បងប្អូន។

សម្រាប់បងប្អូនដែលកំពុងស្ថិតនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយមានបំណងទាក់ទងលម្អិតគឺអាចទំនាក់ទំនងទៅលោក សុះ ហ៊ីម តាមរយៈទូរសព្ទលេខ +966 5804 65578 ឬទាក់ទងទៅឯកឧត្តម អ៊ុក សារុន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីតផ្ទាល់តាមរយៈ WhatsApp និង Telegram: +2011 5627 9999 និង +966 56 590 3370។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងបន្តតាមដាន សម្របសម្រួលការធ្វើមាតុភូមិនិវត្តរបស់បងប្អូនជាបន្តទៀត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×