នៅថ្ងៃទី៨ ខែសីហា កងកម្លាំងសន្ដិសុខហ្វីលីពីន បានបាញ់សម្លាប់មុខសញ្ញាសង្ស័យថាជាភេរវករពីររូបមានយកតាមខ្លួននូវ សារធាតុ (IED) បំផ្ទុះកែច្នៃនាខេត្ត Cotabato ភាគខាងជើងនៅតំបន់ប៉ែកខាងត្បូងប្រទេសនេះ។

អ្នកនាំពាក្យកងទ័ពហ្វីលីពីន Arvin Encinas ឱ្យដឹងថា មុខសញ្ញាទាំងពីរបានដឹកជញ្ជូនគ្រឿងបំផ្ទុះកែច្នៃតាមទោចក្រយានយន្ដមួយ ហើយត្រូវបានឃាត់នៅប៉ុស្ដិ៍ត្រួតពិនិត្យយោធា។ពេលដែលពលទាហានចូលកៀក ជនសង្ស័យទាំងពីរបានស្វែងរកវិធីរត់គេចខ្លួន។
ជនល្មើសម្នាក់ក្នុងចំណោមនោះថែមទាំងបានដកកាំភ្លើងបាញ់សំដៅទៅលើក្រុមទាហាន បង្ខំឱ្យពួកគេធ្វើការបាញ់សម្លាប់នៅនឹងកន្លែង។ពួកគេបានរកឃើញកាំភ្លើងខ្លី និងIEDមួយក្នុងប្រអប់ក្រដាសដែលមុខសញ្ញាទាំងពីរនាំយកតាមខ្លួន។
សមត្ថកិច្ចក៏ជឿថា ជនទាំងពីរនេះគឺជាសមាជិកនៃក្រុមបណ្ដាខ្មាន់កាំភ្លើងសេរីអ៊ិស្លាម Bangsamoro (BIFF) ដែលកំពុងមាន ផែនការវាយប្រហារដោយគ្រាប់បែកនៅខេត្តនេះ។
BIFF គឺជាកម្លាំងប្រមូលផ្ដុំមកពីអតីតសមាជិកនៃរណសិរ្សរំដោះអ៊ិស្លាម Moro (MILF)។ ក្រុមនេះបានចុះសន្ធិសញ្ញាសន្ដិភាព ជាមួយរដ្ឋាភិបាលនៅឆ្នាំ២០១០ ហើយអតីតបញ្ជាការម្នាក់របស់ MILF Ameril Umbra Kato បានធ្វើការប្រមូលផ្ដុំបណ្ដាសមាជិកដែលខូចចិត្តប្រឆាំងនឹងសន្ធិសញ្ញាសន្ដិភាពបង្កើតឡើង BIFF។
តាមរដ្ឋាភិបាលហ្វីលីពីន មានសមាជិកប្រមាណ៤០០នាក់របស់ BIFF កំពុងធ្វើសកម្មភាពនៅភាគខាងត្បូងប្រទេសនេះ។
ក្រុមនេះក៏ជាក្រុមប្រដាប់អាវុធមួយដែលចូលរួមក្នុងការបះបោរនៅMindanao ដែលសច្ចាថាស្មោះត្រង់ជាមួយអង្គការភេវកម្មនៅអ៊ីរ៉ាក់និងស៊ីរី៕
សូយន