តាមឯកសារដែលបែកធ្លាយ បង្ហាញឱ្យឃើញថា លោក Putin បានពិភាក្សាលើបញ្ហាជាច្រើនជាមួយលោកTrump ក្នុងនោះមានបញ្ហាកាត់បន្ថយអាវុធនុយក្លេអ៊ែរ។

តាមនោះ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននាំយកតាមខ្លួននូវបញ្ជីរាយលំអិតអំពីប្រធានបទដែលត្រូវចរចានៅក្នុងជំនួប ជាមួយសមភាគីអាមេរិក Donald Trump។
កាសែតPolitico របស់អាមេរិកបានធ្វើការដកស្រង់ខ្លឹមសារនៃឯកសារនេះជាភាសារុស្សីដែលពួកគេបានដឹង។
ក្នុងឯកសារនេះឃើញមានលោកPutin ផ្ដើមសំណើអំពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យអាវុធនុយក្លេអ៊ែរ ដែលជាប្រធានបទពីរត្រូវបានរុស្ស៊ីនិងអាមេរិកពិភាក្សាគ្នាជាប្រចាំតាមរយៈផ្លូវទូត។
តាមនោះដែរ រុស្ស៊ីចង់ចាកផុតពីស្ថានភាពត្រូវឯកោនិងសហប្រតិបត្ដិការជាមួយអារមេរិកលើបញ្ហាសន្ដិសុខជាច្រើន។ឯកសារទាំងនេះពុំមាននិយាយដល់កិច្ចសហការនៅស៊ីរីនោះទេ ប៉ុន្ដែយ៉ាងណាក៏លោកPutinបានលើករឿងនេះឡើងក្នុងសន្និសីទសារព័ត៌មានហើយត្រូវបានចាត់ទុកថាជាចំណុចចាប់ផ្ដើមកិច្ចសហប្រតិបត្ដិការទ្វេភាគី។
នេះគឺជាលើកដំបូងហើយដែលខ្លឹមសារនៃការពិភាក្សាសម្ងាត់រវាងលោកTrumpនិងPutin ត្រូវបានបែកធ្លាយដល់ដៃអ្នកកាសែត។ក្នុងជំនួបនេះមានវត្តមានតែអ្នកបកប្រែ២រូប ហើយខ្លឹមសារពិភាក្សារវាងមេដឹកនាំទាំងពីរត្រូវបានបិទជិត សូម្បីតែចំពោះអ្នកតំណាងអាមេរិក។
សេតវិមានពុំមានបង្ហាញយោបល់អ្វីចំពោះខ្លឹមសារឯកសារដែល Politicoបានលើកឡើងប៉ុន្ដែអ្នកនាំពាក្យក្រុមប្រឹក្សាជាតិសន្ដិសុខអាមេរិកGarrett Marquis គ្រាន់តែឱ្យដឹងថា លោកTrumpនិងPutin ពុំបានពិភាក្សាលើសំណើទាំងឡាយក្នុងសណ្ឋានជាឯកសារក្នុងជំនួបនោះទេ។ លោកឱ្យដឹងបន្ថែមថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាជាច្រើន ក្នុងនោះមានបញ្ហាឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសទាំងពីរដែលមានដល់ទៅជិត៩០ភាគរយនៃចំនួនក្បាលគ្រាប់នុយក្លេអ៊ែរទូទាំងពិភពលោក។
អ្នកនាំពាក្យរូបនេះបន្តថា ពុំមានការសន្យាសម្រាប់សកម្មភាពណាមួយឡើយ ក្រៅពីព្រមព្រៀងគ្នាថា នឹងមានការបន្ដកិច្ចពិភាក្សា។ប្រធានាធិបតីអាមេរិកពុំបានទទួលឯកសារណាមួយរបស់លោកPutin ហើយក៏ពុំបានផ្ដល់ឯកសារអ្វីដល់ទៅលោកPutin ដែរ៕
សូយន