Thursday, November 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងមួយថ្ងៃ ពលករខ្មែរពី ៣ ទៅ ៤ពាន់នាក់ សម្រុកទៅធ្វើការនៅប្រទេសថៃវិញ តាមច្រកប៉ោយប៉ែត

ប៉ោយប៉ែត៖ មន្រ្តីនគរ បាលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៧-១៩ ខែមេសា ឆ្នាំ ២០២៤នេះ ពោលគឺក្រោយថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ត្រូវបានបញ្ចប់ ពលករខ្មែរជាច្រើនពាន់នាក់ បានសម្រុកទៅធ្វើការនៅប្រទេសថៃវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតពី ៣ទៅ៤ពាន់នាក់ ក្នុងមួយថ្ងៃ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា កម្លាំងនគរបាល បានកំពុងបន្តអនុវត្តតាមផែនការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជា ការយកចិត្តទុកដាក់របស់អគ្គអន្តោប្រវេសន៍ និងក្រសួងមហាផ្ទៃលើការសម្របសម្រួលដល់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋជាពលករខ្មែរឲ្យបានឆាប់រហ័ស និងមិនមានការយកលុយដូចកាលពួកគាត់ចូលមកក្នុងប្រទសនារដូវចូលឆ្នាំដែរ។ បន្ថែមពីលើការសម្រួលឲ្យពួកគាត់បានចេញដោយងាយស្រួល នឹងឆាប់រហ័ស សមត្ថកិច្ច បានចែកជូននូវនំបុ័ង​ ទឹកសុទ្ធជូនដល់ពួកគាត់ថែមទៀតផង។

ដោយមានការយកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើការសម្របសម្រួលជាមួយរដ្ឋាភិបាលថៃ បានឯកភាពគ្នាលើកលែងតម្លៃសេវាអនុញ្ញាតចេញ-ចូល (Re-Entry Permit) សម្រាប់បងប្អូនពលករកម្ពុជា ដែលធ្វើដំណើរចេញ-ចូលប្រទេសថៃចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២៤ ហើយការលើកលែងតម្លៃសេវានេះ គឺសម្រាប់ពលករកម្ពុជា ដែលមានលិខិតឆ្លងដែន/លិខិតធ្វើដំណើររបស់ពលករកម្ពុជា ទៅធ្វើការនៅបរទេស និងមានទិដ្ឋការការងារ ដែលមានសុពលភាពក្រោយថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ រួមទាំងកូន មានអាយុក្រោម ១៨ឆ្នាំ ដែលទទួលបានការវាយត្រា ប្រភេទអ្នកក្នុងបន្ទុក និងអនុញ្ញាតឲ្យស្នាក់នៅ ក្នុងប្រទេសថៃ មានសុពល ភាពក្រោយពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

សូមបញ្ជក់ថា បើតាមលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានឲ្យដឹងថា ពលករខ្មែរ ដែលកំពុងសម្រុកចេញទៅធ្វើការនៅប្រទេសថៃវិញ ក្រោយបញ្ចប់បុណ្យចូលឆ្នាំខ្មែរនេះ គឺទើបតែរយៈពេលពីរ-បីថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ គឺថ្ងៃនេះ ក្នុងមួយថ្ងៃ ពួកគាត់នាំគ្នាចេញទៅវិញចន្លោះពី ៣ពាន់នាក់ ទៅ៤ពាន់នាក់៕

×