ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានបង្ហាញការសម្រេចចិត្ដទប់ស្កាត់ចំពោះការរីកចម្រើនរបស់វង់ល្បែងទាំងឡាយ ទោះបីបានចំណេញកប់ក្ដោងពីវិស័យនេះក្ដី។

Reuters បានដកស្រង់សម្ដីរបស់លោក Duterte ដែលនិយាយកាលពីម្សិលមិញនេះថា៖ «ខ្ញុំស្អប់ការលេងល្បែងស៊ីសង។នឹងពុំមានវង់ល្បែងថ្មី លើកលែងតែវង់ល្បែងដែលគេផ្ដល់អាជ្ញាប័ណ្ណមុននោះ។ខ្ញុំនឹងមិនផ្ដល់អាជ្ញាប័ណ្ណបន្ថែមក្នុងអាណតិ្ដរបស់ខ្ញុំឡើយ។
ការប្រកាសរបស់លោកDuterte បានលើកឡើងមួយថ្ងៃបន្ទាប់ពីលោកលុបចោលគ្រោងការណ៍កាស៊ីណូតម្លៃ១,៥ពាន់លានដុល្លាររបស់សម្ព័ន្ធក្រុមហ៊ុនLanding International Development (LID) របស់ហុងកុង(ចិន) ក្រោយពិធីក្រុងពាលីតែប៉ុន្មាននាទីប៉ុណ្ណោះ។លោកលើកឡើងថា មូលហេតុបណ្ដាលពីតម្លៃជួលដីមិនសមស្រប ហើយពេលវេលាជួលក៏វែងហួសហេតុ បណ្ដាលឱ្យក្រុងម៉ានីលជួបប្រទះនូវការលំបាក។
គួរំលឹកថា នេះគឺជាគ្រោងការណ៍កាស៊ីណូទី២ហើយដែលលោកDuterte បានលុបចោល។កាលពីខែមេសា លោកក៏បានផ្អាកការសាងសង់កាស៊ីណូតម្លៃ៥០០លានដុល្លារលើកោះBoracay ។ មុននេះហ្វីលីពីនគឺជាទីផ្សារល្បែងស៊ីសងអភិវឌ្ឍន៍យ៉ាងលឿននៅទ្វីបអាស៊ី ដែលគិតមកដល់ឆ្នាំ២០១៧មានកាស៊ីណូចំនួន៩ ដែលមានតុលេងល្បែងចំនួន1.444និងម៉ាស៊ីនលេងល្បែអេឡិចត្រូនិកចំនួន9.500 ហើយប្រាក់ចំណូលសរុបកាលពីឆ្នាំទៅតាមតួលេខរបស់រដ្ឋាភិបាលគឺ3,33ពាន់លានដុល្លារ៕
សូយន