Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើរតួនាទីយ៉ាងសំខាន់ និងសកម្មមួយ ក្នុងការបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប និងខេត្តជុំវិញ

spot_img

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមណ្ឌលផ្តល់សេវាវះកាត់ នៃមន្ទីរបង្អែកខេត្តសៀមរាប ដែលជាមន្ទីរពេទ្យទំនើបមួយ ដោយមានហេដ្ឋារចនាសម្ព័ន្ធសំណង់ និងការបំពាក់សម្ភារៈឧបករណ៍ពេទ្យ ព្រមទាំងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើបទាន់សម័យ ស្របតាមកម្រិតស្តង់ដាអន្តរជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ។ ផ្អែកតាមលក្ខណៈភូមិសាស្រ្ត មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើរតួនាទីយ៉ាងសំខាន់ និងសកម្មមួយក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប និងខេត្តជុំវិញផងដែរ ។

ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចំពោះសមិទ្ធផលថ្មី ផ្តល់គុណតម្លៃជាប្រវត្តិសាស្រ្ត សម្រាប់វិស័យសុខាភិបាលកម្ពុជា ដែលបានលេចចេញជារូបរាងឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតេជោ ចាត់ទុកការវិនិយោគលើប្រព័ន្ធថែទាំសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋជាអាទិភាពចម្បងមួយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និង បរិយាប័ន្ន ។ ទន្ទឹមនេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងនេះរួមមានវិស័យសុខាភិបាលផងដែរ ជាក់ស្តែងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ ។ នៅពេលដ៏ខ្លីខាងមុខនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នឹងត្រូវពង្រីកទៅជាមន្ទីរពេទ្យថ្នាក់តំបន់ ក្រោមគម្រោងកម្ចីសម្បទានរបស់រដ្ឋាភិបាលជប៉ុន ដែលនឹងធ្វើឱ្យមន្ទីរពេទ្យទាំង២ កាន់តែមានសមត្ថភាពខ្ពស់មួយកម្រិតទៀត ដើម្បីចូលរួមចំណែកជាមន្ទីរពេទ្យគាំទ្រដូចមន្ទីរពេទ្យជាតិ ​ក្នុងគោលដៅកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងការទៅរកសេវាថែទាំសុខភាព ដែលចាំបាច់ត្រូវធ្វើដំណើររហូតដល់រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះផងដែរ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។ មូលធនមនុស្សមានសុខភាពល្អ និងគុណភាពខ្ពស់ជាទ្រព្យសម្បត្តិជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ។ ការអភិវឌ្ឍមូលធនមនុស្ស ផ្តោតលើអាទិភាពចំនួន ៥៖ (១).បង្កើនគុណភាពសិក្សាអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (២).បង្កើនជំនាញបច្ចេកទេស និងការបណ្តុះបណ្តាល (៣).លើកកម្ពស់សុខភាព និងសុខុមាលភាព (៤).ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធអាហារូបត្ថម្ភ និង (៥). ពង្រឹងគុណភាពប្រជាពលរដ្ឋក្នុងសង្គមស៊ីវិល័យ ។ ដូច្នេះ គោលដៅយុទ្ធសាស្រ្តនៃ «ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន» គឺបន្តកាត់បន្ថយការឈឺ និងស្លាប់បណ្តាលមកពីជំងឺ ជាពិសេសជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ ។

ដើម្បីឈានទៅសម្រេចគោលដៅនេះ កម្មវិធីគោលនយោបាយអាទិភាពទី១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល តាមរយៈ (១). ការពង្រីកការគ្របដណ្តប់នៃកម្មវិធីមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យប្រមាណជាង ៤៥ ម៉ឺនគ្រួសារ ឬស្មើនឹងសមាជិកសរុបជាង ១,៥ លាននាក់ ដែលត្រូវបានប្រកាសឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣ និង(២).ការពង្រីករបបថែទាំសុខភាពនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. (ប្រមាណជាង ៣ លាននាក់)។ ទន្ទឹមគ្នានឹងការអនុវត្តយន្តការនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលផ្តោតលើការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋម នៅមូលដ្ឋាន ដោយផ្តោត​ជាចម្បងលើ៖ ទី១. ពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ទី២. អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ការឆ្លើយតបនឹងការគម្រាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និង ទី៣. កសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ។

ជាចុងក្រោយ សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការសុខាភិបាល គ្រូពេទ្យ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន បម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ជាពិសេស បុគ្គលិកនៅមន្ទីរពេទ្យស្រុក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ដែលបាននិង កំពុងបម្រើការងារផ្តល់សេវានៅតាមតំបន់ជនបទ ព្រមទាំងចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សហគមន៍ ដៃគូអភិវឌ្ឍជាតិ-អន្ដរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដែលបាន និង កំពុងរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពនៃវិស័យសុខាភិបាល ជាពិសេស ការខិតខំប្រឹងប្រែងរួម ក្នុងការបង្ការ និង ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមកនេះ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×