Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលហុងកុង ស្នើអគ្គស្នងការនគរបាលជាតិ សិក្សាឈ្វេងយល់បន្ថែម អំពីវិធានការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការប្រឆាំងអំពើភេរវកម្ម

spot_img

រាជធានីភ្នំពេញ ៖ ក្នុងកិច្ចជំនួបពិភាក្សាតំណាងអគ្គស្នងការនគរបាលជាតិស្តីទី ជាមួយគណៈប្រតិភូកងកម្លាំងនគរបាលទីក្រុងហុងកុង, ភាគីនគរបាលហុងកុង ផ្តោតសំខាន់លើការសិក្សាឈ្វេងយល់បន្ថែម អំពីវិធានការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការប្រឆាំងអំពើភេរវកម្ម និងសកម្មភាពការងារប្រចាំថ្ងៃរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល។

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការនគរបាលជាតិស្តីទី បានទទួលជួបគណៈប្រតិភូកងកម្លាំងនគរបាលទីក្រុងហុងកុង ចំនួន ១២រូប ដឹកនាំដោយ លោក GAR KAM-LAM មេបញ្ជាការនគរបាលតំបន់កៅលុនខាងលិច នៃតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរពិសោធន៍ក្នុងកិច្ចប្រតិបត្តិការរបស់កងកម្លាំងនគរបាលជាតិ នៅនាយកដ្ឋានអង្គរក្ស។

កិច្ចជំនួបនេះ ក៏មានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម, លោកឧត្តមសេនីយ៍ត្រី យូ បូរិន នាយការិយាល័យនគរបាលអន្តរជាតិ, លោកឧត្តមសេនីយ៍ត្រី ហេង បញ្ញាវឌ្ឍន៍ នាយការិយាល័យកិច្ចការបរទេស និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ ជំនួសមុខឲ្យថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូនគរបាលហុងកុង ដែលបានអញ្ជើញមកទស្សនកិច្ច ក៏ដូចជាមកសិក្សាដកពិសោធន៍អំពីកិច្ចប្រិបត្តិការរបស់នគរបាលកម្ពុជា និងកិច្ចការប្រចាំថ្ងៃរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល។
ក្នុងកិច្ចជំនួបពិភាក្សានេះ ភាគីនគរបាលហុងកុង ផ្តោតសំខាន់លើការសិក្សាស្វែងយល់បន្ថែម អំពីវិធានការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការប្រឆាំងអំពើភេរវកម្ម និងសកម្មភាពការងារប្រចាំថ្ងៃរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល។

ជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញអំពីវិធានការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយលោកឧត្តមសេនីយ៍ទោ សុខ និត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចឹកវិទ្យា, ការធ្វើបទបង្ហាញអំពីការប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដោយលោកឧត្តមសេនីយ៍ទោ អ៊ី សុធី អនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងការធ្វើបទបង្ហាញអំពីសកម្មភាពការងារប្រចាំថ្ងៃរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយលោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល។

ដោយឡែកភាគីនគរបាលហុងកុង ក៏បានចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងវិធានការបង្ការ ទប់ស្កាត់បទល្មើសបច្ចេកវិទ្យា រួមទាំងធ្វើបទបង្ហាញអំពីកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស និងការដោះស្រាយហេតុការណ៍អាសន្ននៅទីក្រុងហុងកុង ជូនដល់នគរបាលជាតិកម្ពុជាផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×