Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធររាជធានី នឹងរៀបចំផ្លូវថ្មើរជើង មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បារ និងរៀបចំជាកន្លែង pop street នៅមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា

spot_img

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំផ្លូវថ្មើរជើងមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះនៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ផ្លូវថ្មើរជើងរាជធានីភ្នំពេញ មានទំហំ៥៧ហិកតា ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បារ និងរៀបចំជាកន្លែង pop streetផងដែរនោះ គ្រោងនឹងរៀបចំឡើងនៅដើមខែឧសភាឆ្នាំ២០២៤នេះ ដើម្បីបំរើឲ្យភ្ញៀវជាតិ អន្តរជាតិបានមកទិញទំនិញ និងដើរលេងកំសាន្តពេលយប់ ហើយគម្រោងនេះ នឹងរៀបចំឲ្យបានរួចរាល់ នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥ខាងមុខនេះ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ផ្លូវថ្មើរជើងរាជធានីភ្នំពេញ ត្រូវបានបែងចែងជា៣តំបន់ មានទំហំ៥៧ហិកតា ដោយផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំងនៅមុខប្រៃសណីយ៍ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ៩៤-ខាងត្បូង៖ ផ្លូវលេខ១០៦-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)។
ផ្លូវថ្មើរជើងតំបន់ទី២ មានទំហំមានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១០៦-ខាងត្បូង៖ ផ្លូវលេខ ១៨៤-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ(តំបន់នេះរៀបចំជាតំបន់ pop street)។
ផ្លូវថ្មើជើងតំបន់ទី៣ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១៨៤-ខាងត្បូង៖ មហាវិថីព្រះសីហនុខាងលិច៖ ផ្លូវលេខ០៧-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ(រៀបចំជាតំបន់ លំហែកាយ)។

លោកសាំ ពិសិដ្ឋ បញ្ជាក់ថា តំបន់ទាំង៣នេះរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឡើងឲ្យមានសោភ័ណភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្ន មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បារ និងជាកន្លែងpop streetផងដែរ។ តំបន់នេះក្រោយការរៀបចំរួចនឹងបើកអោយភ្ញៀវជាតិ អន្តរជាតិចូលទិញទំនិញនិងកំសាន្តសប្បាយ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា៖ គម្រោងនេះយើងបានសិក្សារួចអស់ហើយ ដូច្នេះលោកជំរុញឲ្យ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ចាប់ផ្តើមអនុវត្តការងាររៀបចំគម្រោងនេះ ចាប់ពីពេលនេះតទៅ ដោយប្រើប្រាស់ពេលវេលា៦ខែ ពោលគឺឲ្យរួចរាល់ នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥ ដើម្បីឲ្យតំបន់នេះ ក្លាយជាតំបន់ មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បារ និងជាកន្លែង pop street ជាដើម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×