ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបង្ហាញថា កម្ពុជា បានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ១,៥៨ លាននាក់ នៅត្រីមាសទី១ ឆ្នាំ២០២៤ បានកើនឡើង ២២,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំាមុន ដែលមានចំនួន ១,២៩លាននាក់។
ទិន្នន័យបង្ហាញថា ភ្ញៀវទេសចរថៃ គឺជាប្រភពទេសចរបរទេសធំបំផុត ដែលមកទស្សនាកម្ពុជា នៅក្នុងត្រីមាសទី១ឆ្នាំនេះ ដែលមានចំនួនជិត ៤៥ម៉ឺននាក់ តាមពីក្រោយដោយទេសចរវៀតណាម មានចំនួនជិត ៣០ម៉ឺននាក់ និងទេសចរចិន មានចំនួនជិត ១៩ម៉ឺននាក់ កើនឡើង ១៨,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានលើកឡើងថា នៅដើមឆ្នាំនេះ ចំនួនភ្ញៀវទេសចរបានបន្តមានកំណើនល្អ ដោយសារកម្ពុជាបានដាក់ចេញវិធានការបន្ថែមក្នុងការ បន្តការគ្រប់គ្រងផលប៉ះពាល់ និងបន្តគាំទ្រដល់វិស័យទេសចរណ៍ រួមបញ្ចូលជាមួយរដូវភ្ញៀវច្រើន ចាប់ពីខែតុលា ដល់ខែមីនា ប៉ុន្តែចាប់ពីខែមេសានេះ រហូតដល់ខែកញ្ញា គឺជារដូវភ្ញៀវតិចសម្រាប់ទេសចរមកពីតំបន់អឺរ៉ុប។ ដូច្នេះលោករំពឹងតែទៅលើភ្ញៀវនៅតំបន់អាស៊ីទេ គឺ ចន្លោះពីខែមេសា ដល់ខែកញ្ញានេះ ជាពិសេសភ្ញៀវមកពីប្រទេសឥណ្ឌា។
លោកបានបញ្ជាក់ថា ឥណ្ឌាគឺជាទីផ្សារថ្មី ក្រៅពីចិនដែលយើងរំពឹងទុក។ លោកជឿថា ឥណ្ឌានឹងមកច្រើន ព្រោះមួយរយៈនេះ លោកធ្វើការជាមួយក្រុមហ៊ុនទេសចរណ៍ឥណ្ឌាជាច្រើន ដែលពួកគេមកពិនិត្យមើលម្ហូបអាហារឥណ្ឌាដែលមាននៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា ក្រៅពីតំបន់គោលដៅទេសចរណ៍សំខាន់ៗដូចជា ប្រាសាទអង្គវត្ត នៃខេត្តសៀមរាប រាជធានីភ្នំពេញ និងតំបន់ឆ្នេរ ទេសចរឥណ្ឌាក៏ចាប់អារម្មណ៍ទៅលើការកម្សាន្តនៅតាមកាស៊ីណូផងដែរ ព្រោះនៅប្រទេសឥណ្ឌាមិនមានកាស៊ីណូនោះទេ។
យោងតាមកក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅឆ្នាំ ២០២៣ ប្រទេសកម្ពុជា បានទាក់ទាញទេសចរអន្តរជាតិ បានប្រមាន ៥,៤៥លាននាក់ និងរកចំណូលបានពីវិស័យនេះ ប្រមាណ ៣,០៨ពាន់លានដុល្លារអាមេរិក៕