ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានលើកឡើងថា ក្រសួងការងារនឹងប្រកាសពីជ័យលាភីនៃពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយរៀងរាល់ឆ្នាំចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ តទៅ។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” មាន ៣កម្រិត គឺពានរង្វាន់លេខ១, លេខ២, និងលេខ៣ ក្នុងនោះសហគ្រាសដែលទទួលបានជ័យលាភី គឺទទួលបានការលើកទឹកចិត្ត ទី១ ពាន និងវិញ្ញាបនបត្រ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” សម្រាប់ប្រើប្រាស់តាមការចាំបាច់ និងជាឯកសារយោង ដើម្បីបង្ហាញដល់ដៃគូពាណិជ្ជកម្ម និងម្ចាស់ម៉ាកពីការគោរពច្បាប់ និងលក្ខខណ្ឌការងារនៅរោងចក្ររបស់ខ្លួន និងទី២លើកលែងការចុះអធិការកិច្ចសាមញ្ញក្នុងរយៈពេលចាប់ពី ១ឆ្នាំ ដល់ ៣ឆ្នាំ ស្របតាមកម្រិតនៃពានរង្វាន់ដែលទទួលបាន។

គូរកត់សម្គាល់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញនូវប្រកាសចំនួន ៣ និងសេចក្តីសម្រេចចំនួន ១ កំណត់លក្ខណវិនិច្ឆ័យពាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដោយក្នុងនោះតម្រូវឱ្យសហគ្រាសនីមួយៗ ត្រូវទទួលបានវិញ្ញាបនបត្រអនុលោមភាពចំនួន ៨ ក្នុងនោះ ៖ ទី១ អនុលោមភាពនៃលក្ខខណ្ឌការងារ ទី២.អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង ទី៣.អនុលោមភាពនៃទំនាក់ទំនងវិជ្ជាជីវៈ ទី៤.អនុលោមភាព នៃលក្ខខណ្ឌស្ដីពីសុវត្ថិភាព និងសុខភាពការងារ ទី៥.អនុលោមភាពនៃរបបសន្ដិសុខសង្គម ទី៦.អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតជាជនពិការ ទី៧.អនុលោមភាពនៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារ និងទី៨.អនុលោមភាពនៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គម៕
