Tuesday, May 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រហែល២៤ម៉ោងប៉ុណ្ណោះ នាំខ្លួនពីរនាក់ប្ដីប្រពន្ធដែលជេរប្រមាថអតិថិជនយ៉ាងអាសបបូរមាត់នោះ បានសម្រេចហើយ

spot_img

ខេត្តសៀមរាប ÷ CEN ធ្លាប់បានប៉ាន់ប្រមាណថា យ៉ាងយូរ៣ថ្ងៃ សមត្ថកិច្ចនឹងទៅនាំខ្លួនពីរនាក់ប្ដីប្រពន្ធដែលលក់សំលៀកបំពាក់តាមអនឡាញ ផេក facebook ហ័ងហ័ង ហើយជេរឥតបានដាក់មាត់ទៅលើអតិថិជនជាសាធារណៈនោះ មកអនុវត្តច្បាប់មិនខាន ប៉ុន្តែឥឡូវនេះ មិនបានដល់៣ថ្ងៃនោះទេ គឺត្រឹមតែប្រហែល ២៤ម៉ោងប៉ុណ្ណោះ កម្លាំងនគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានស្វែងរកឃើញ និងតាមឃាត់ខ្លួន ២នាក់ប្តីប្រពន្ធមាត់មារយាទនេះបានហើយ ដោយមិនបានអនុវត្តទោសធ្ងន់បន្តិចនោះទេ គឺគ្រាន់តែធ្វើការសុំទោស និងធ្វើកិច្ចសន្យាចប់បាត់ទៅហើយ។

បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់អ្នកសារព័ត៌មាន ឱ្យដឹងថា ពីរនាក់ប្ដីប្រពន្ធនេះ ត្រូវបានធ្វើកិច្ចសន្យាអប់រំ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាកំរើក ហើយសាមីខ្លួនបានធ្វើការសុំទោសជាសាធារណៈ សន្យាបញ្ឈប់ការប្រើប្រាស់ពាក្យសម្ដីជេរប្រមាថ ឬខុសឆ្គងតទៅទៀត។

បុរសជាប្ដីឈ្មោះ ណាក់ ចាន់ពិសិដ្ឋ អាយុ២៨ឆ្នាំ ប្រពន្ធឈ្មោះ ហ៊ុយ ស៊ីងហ័ង អាយុ២៦ឆ្នាំ មុខរបរលក់សម្លៀកបំពាក់អនឡាញតាម facebook ឈ្មោះ ហ័ងហ័ង មានអាសយដ្ឋានស្នាក់នៅក្នុង ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ប្ដីប្រពន្ធពីរនាក់នេះបានសរសេរលាយលក្ខណ៍ជាអក្សរ សារភាពពីរកំហុស ថា ខ្ញុំបាទ និងភរិយា សូមទទួលស្គាល់កំហុស ដោយកាលពិម៉ោងប្រហែល ១០ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ពួកខ្ញុំពិតជាបានប្រើពាក្យសម្ដីមិនសមរម្យ ជេរប្រមាថទៅលើគណនីហ្វេសប៊ុកឈ្មោះ ” អូនតូច ” ប្រាកដមែន, ខ្ញុំបាទ និងភរិយា សូមធ្វើការស្នើសុំការអភ័យទោសចំពោះមជ្ឈដ្ឋានបងប្អូនអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកទូទៅ ទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសចំពោះបងប្អូនអតិថិជនរបស់ពួកខ្ញុំដែលពួកខ្ញុំបាទទាំងពីរនាក់បានប្រព្រឹត្តលើសលស់នាពេលកន្លងមក, និងធ្វើកិច្ចសន្យា មិនប្រព្រឹត្តអំពើជេរប្រមាថនេះជាលើកទីពីរទៀតឡើយ។

អ្វីដែលមហាជនមិនអស់ចិត្តនោះ គឺមិនចង់ឃើញពីរនាក់ប្ដីប្រពន្ធនេះគ្រាន់តែលើកដៃសំពះសុំទោស និងធ្វើកិច្ចសន្យា រួចខ្លួននោះឡើយ គឺចង់ឱ្យពីរនាក់ប្ដីប្រពន្ធនេះទៅបោសសម្អាតសម្រាមនៅបរិវេណសាលាក្រុងសៀមរាប ឬក៏បោសសម្អាតសម្រាមតាមដងមហាវិថីណាមួយទុកជាគំរូដាក់ទោស ទើបសមមុខ និងជាវប្បធម៌អនុវត្តច្បាប់រឹងមាំ បើគ្រាន់តែសុំទោស ធ្វើកិច្ចសន្យា រួចខ្លួននោះ គឺជាវប្បធម៌ធ្វើឱ្យច្បាប់ទន់ជ្រាយ ហើយមនុស្សជម្លើយ និងអសីលធម៌ក៏កាន់តែមានភាពព្រហើនឡើងផងដែរ។

គួររំលឹកថា ពីរនាក់ប្ដីប្រពន្ធនេះបានជេរអតិថិជនស្រីម្នាក់មានរូបសម្បត្តិស្រស់ស្អាត ចរិយាមារយាថ្លៃថ្នូរ យ៉ាងអាសបបូរមាត់ថា សង្វេគង៉ែងណាស់ហង៎ អត់មានលុយ ១រៀលផង កម្មង់អីវ៉ាន់គេ, ភ្ញៀវដូចចែឯងរាងប្រកាច់ៗ កន្ត្រាក់ៗអីចឹង ទើបជក់ថ្នាំហើយរាងបែកៗ ធ្វើចរិតថោកទាប គេជេរចឹងហើយ, មីត្រូវគ្រាប់ , ង៉ែងដាច់បាយមែនហង៎ , មីងាប់ , ម៉េចធ្វើចរិតបែកៗ , កន្ត្រាក់ៗ , បែកថ្នាំ , កុំប្រើថ្នាំច្រើនពេក , ធ្វើចរិតថោកទាប , ម៉េចក៏ទ្រង់ភ្លើស្លន់សម្បើមម៉្លេះ… ” ។

លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានប្រកាសជួយស្ត្រីអតិថិជនម្នាក់ មានផេក facebook ឈ្មោះ ” អូនតូច ” ដែលត្រូវអ្នកលក់ខោអាវតាមអនឡាញ២នាក់ប្តីប្រពន្ធខាងលើ ជេរប្រមាថធ្ងន់ៗជាសាធារណៈនោះ ដោយលោកស្រី បានប្រាប់អ្នកសារព័ត៌មានថា ករណីអ្នកលក់ខោអាវនៅខេត្តសៀមរាប ជេរប្រមាថស្ត្រីអតិថិជនម្នាក់ជាអ្នកទិញ នៅខេត្តប៉ៃលិននោះ លោកស្រីបានទាក់ទងស្នងការរងខេត្តសៀមរាប និងមេធាវីផង ដើម្បីប្តឹងជនបង្ក ៣បទល្មើស រួមមាន ៖

១- បទបរិហារកេរ្តិ៍ជាសាធារណៈ
២- បទជេរប្រមាថជាសាធារណៈ
៣- បទញុះញង់ឲ្យមានការរើសអើង។

លោកស្រីរដ្ឋលេខាធិការក្រសួងកិច្ចការនារី បញ្ជាក់ថា «យើងរួមគ្នាលើកកម្ពស់សីលធម៌សង្គម មិនគួរឱ្យមនុស្ស ២នាក់បំផ្លាញសីលធម៌សង្គមអីចឹងទេ រកស៊ីនៅខេត្តសៀមរាបផង ថ្ងៃណាមួយគាត់អាចមានរឿងជាមួយភ្ញៀវទេសចរជាតិ អន្តរជាតិទៀតក៏ថាបាន បើពួកគាត់និយាយស្តីគ្មានដឹងខ្យល់អីយ៉ាងនេះ»។

បើតាមនិយមន័យក្នុងផ្លូវច្បាប់ ការប្រើពាក្យ ÷ បែកៗ កន្ត្រាក់ៗ ង៉ែងទើបជក់ថ្នាំហើយមែនហង៎ , សង្វេគង៉ែងណាស់ហង៎ អត់មានលុយ ១រៀលផង កម្មង់អីវ៉ាន់គេ… គឺជាបទ ” បរិហារកេរ្ដិ៍ជាសាធារណៈ , ចំណែកការជេរបញ្ចោរដោយប្រើពាក្យផ្សេងៗទៀតនោះ គឺជាបទ ” ជេរប្រមាថជាសាធារណៈ និងបទ ញុះញង់ឱ្យមានការរើសអើង ” ដែលមានបញ្ញត្តិក្នុង មាត្រា ៣០៥ , មាត្រា ៣០៧ , និង មាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ, ទោសកំហុសក្នុងមាត្រា ៤៩៦ នេះ ប្រឈមនឹងការជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ, ទោះជាយ៉ាងណានេះគ្រាន់តែជាគោលច្បាប់ ប៉ុន្តែការសម្រេចបែបណានោះ លើមន្ត្រីនគរបាលយុត្តិធម៌ និងតុលាការដែលមានឆន្ទានុសិទ្ធិ៕ រក្សាសិទ្ធដោយ ៖ពិសិដ្ឋ CEN

spot_img
×