Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ដារស្រះទឹកប្រទះឃើញគ្រាប់ទម្លាក់ពីលើយន្តហោះMK82ក្នុងសម័យលន់ នល់ នៅមានគុណភាពល្អ

spot_img

ខេត្តកំពង់ចាម: ក្រោយពីឆ្លងកាត់ភ្លើងសង្គ្រាមជាច្រើនទសវត្សរ៍គ្រាប់មិនទាន់ផ្ទុះ ត្រូវបានគេប្រទះឃើញរាយប៉ាយខ្លះនៅលើដីខ្លះកប់ក្នុងដី។ជាក់ស្ដែងនៅកន្លែងស្ដារស្រះទឹកមួយកន្លែងនៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ត្រូវបានគេប្រទះឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះ ប្រភេទMK82 ដែលមានទម្ងន់ជាង ២០០គីឡូក្រាម ហើយត្រូវបានកម្លាំងសមត្ថកិច្ចព្រមទាំងអាជ្ញាធរភូមិព័ទ្ធនិងដាក់ស្លាកសញ្ញាហាមមិនឲ្យប្រជាពលរដ្ឋណាម្នាក់ទៅក្បែរដោយខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត ហើយនេះជាករណីទី២ ហើយបន្ទាប់ពីប្រទះឃើញលើកទីមួយនៅមុខមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី២១ឧសភាថា: អភិបាលស្រុកព្រៃឈរបានឲ្យគ្រឿងចក្រ ទៅស្ដារស្រះទឹកមួយកន្លែងនៅភូមិសេកសកឲ្យបានជ្រៅបន្តិចសម្រាប់ស្តុកទឹកទុកប្រើពេលដែលជួបគ្រោះរាំងស្ងួត។ ស្របពេលដែលគ្រឿងចក្រកំពុងតែកាយដីដាក់លើរថយន្តមកស្ថាបនាផ្លូវលំក្នុងភូមិបានជម្រៅជាង១ម៉ែត្រក៏ប្រទះឃើញគ្រាប់បែកធុនធំនេះកាលពីល្ងាចថ្ងៃទី២០ឧសភាឆ្នាំ ២០២៤ បន្ទាប់មកអ្នកបើកគ្រឿងចក្របានរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ព្រមទាំងសមត្ថកិច្ច ដើម្បីផ្សព្វផ្សាយឲ្យពលរដ្ឋនៅតំបន់នោះបានដឹង។

សមត្ថកិច្ចមូលដ្ឋានបានបន្តឲ្យដឹងទៀតថា រហូតមកដល់ព្រឹកថ្ងៃទី២១ឧសភាកម្លាំងU.X.O បានចុះមកពិនិត្យគ្រាប់ជាមួយនឹងកម្លាំងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធដោយគ្រាប់ទម្លាក់ពីលើយន្តហោះនេះនៅមានគុណភាពមិនទាន់ផ្ទុះនៅឡើយទេ។ជាមួយនោះ បានប្រើប្រាស់ជំនាញបច្ចេកទេសរបស់ខ្លួនដោយប្រុងប្រយ័ត្នគឺដោះក្បាលគ្រាប់បន្សាប ធ្វើយ៉ាងណាមិនឲ្យផ្ទុះ ដើម្បីស្ទូចដាក់លើរថយន្តទៅរក្សាទុកនៅសារមន្ទីរក្នុងខេត្តសៀមរាប។

សូមបញ្ជាក់ថា គ្រាប់បែកធន់ៗនេះគឺជាគ្រាប់ទម្លាក់ពីលើយន្តហោះនៅក្នុងជំនាន់លន់ នល់ ចន្លោះឆ្នាំ១៩៧០-១៩៧៥ ដោយគេទម្លាក់ដើម្បីសម្លាប់លើប្រជាពលរដ្ឋស្លូតត្រង់តែសំណាងល្អពេលទម្លាក់មកចំទីតាំងដីជ្រាយជាប្រភេទស្រះទឹកមិនផ្ទុះ ហើយបានបន្សល់ទុករហូតមកដល់សព្វថ្ងៃ។ ចំពោះទីតាំងដែលប្រទះឃើញគ្រាប់បែបនេះមានចម្ងាយពីផ្លូវជាតិលេខ៧ ប្រមាណ៤ទៅ៥គីឡូម៉ែត្រ។

គួររំលឹកថាកន្លងទៅថ្មីៗនេះក្រុមការងារស្ថាបនាពង្រីកផ្លូវជាតិលេខ៧ បានប្រទះឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទMK82 ផលិតនៅសហរដ្ឋអាមេរិកត្រូវបានគេប្រទះឃើញកប់នៅក្នុងដីត្រង់ទីតាំងមុខអធិការដ្ឋាននគរបាលស្រុកព្រៃឈរនិងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ហើយត្រូវបានកម្លាំងស៊ីម៉ាក មកទទួលយកដោយដោះបន្សាបមិនឱ្យផ្ទុះនិងមានសុវត្ថិភាពដល់កន្លែងនោះផងដែរ៕ រក្សាសិទ្ធដោយ ៖ ភ្នំដោះភ្នំស្រី

spot_img
×