រាជធានីភ្នំពេញ ÷ ជាសញ្ញាបង្ហាញថា សេដ្ឋកិច្ចកម្ពុជាកំពុងតែចាប់ផ្ដើមងើបឡើងជាជំហានជំហានៗ ខណៈរោងចក្របង្គុំ-ដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតាជប៉ុន បានបើកសម្ពោធជាផ្លូវការ បណ្ដាក់ទុនជិត ៣៧លានដុល្លារហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤, ហើយថា នេះគឺជាការរីកចម្រើនដ៏រឹងមាំមួយជំនះក្នុងពេលដែលពិភពលោកជួបវិបត្តិមិនប្រាកដប្រជាដោយសារសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ប៉ាឡេស្ទីន និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។


















រោងចក្របង្គុំ-ដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TOYOTA TSUSHO CORPORATION នៃប្រទេសជប៉ុន មានភាគហ៊ុនចំនួន ៩០ភាគរយ និងក្រុមហ៊ុន គង់ នួន គ្រុប ចំនួន ១០ភាគរយ។ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ លើផ្ទៃដីសរុបជាង ៤ហិចតា។
សូមបញ្ជាក់ថា រោងចក្រ TOYOTA នេះ មានសមត្ថភាពដំឡើងរថយន្ត ២ប្រភេទ ទី១- ជាប្រភេទ SUV ម៉ាក FORTUNER និងទី២- ជាប្រភេទ Pick-UP ម៉ាក HILUX ដដែលមានទុនវិនិយោគជិត ៣៧លានដុល្លារអាមេរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ហើយមានសមត្ថភាពដំឡើងរថយន្តបាន ១,៣២០គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ (Market demand) ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១,០៣០គ្រឿង។
ចាប់ពីពេលនេះតទៅ ប្រជាជនកម្ពុជាមួយចំនួន នឹងទទួលបានរថយន្តថ្មីសន្លាងប្រើប្រាស់បន្ថែមលើរថយន្តមួយទឹកដែលកំពុងត្រូវបានប្រើប្រាស់សព្វថ្ងៃ ប្រាកបដោយគុណភាព និងការប្រកួតប្រជែងតម្លៃនៅលើទីផ្សារ, មានន័យថា កាន់តែមានការប្រកួតប្រជែងរថយន្តថ្មី គឺកាន់តែមានការប្រកួតប្រជែងអំពីគុណភាព ហើយក៏កាន់តែមានការប្រកួតប្រជែងតម្លៃនៅលើទីផ្សារផងដែរ (ធូរថ្លៃ)៕ ពិសិដ្ឋ CEN