នាពេលអនាគត គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ព្រែកកាន់តែល្អប្រសើរ។ ប្រជាពលរដ្ឋ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់កម្ពុជា ដោយពួកគាត់រំពឹងថា គម្រោងនេះនឹងជួយធ្វើឲ្យជីវភាពរស់នៅកាន់តែល្អប្រសើរ តាមរយៈការផ្តល់ឱការងារ និងការបង្តើតមុខរបរបន្ថែម ហើយកូនចៅរបស់ពួកគេ នឹងមានអនាគតល្អទៅថ្ងៃក្រោយ បន្ទាប់ពីគម្រោងនេះ សម្រេចចេញបានជាលទ្ធផល។

ប្រជាពលរដ្ឋ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមស្ថាបនាព្រែកជីកហ្វូណនតេជោ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលនឹងផ្តល់ផលប្រយោជន៍ជាតិយ៉ាងធំធេង ហើយពួកគាត់ដែលរស់នៅតាមតំបន់នៃគម្រោងព្រែកជីកនេះ ក៏រំពឹងទទួលបានប្រយោជន៍ច្រើនផងដែរ ជាពិសេសនឹងប្រែក្លាយតំបន់នេះទៅជាតំបន់ពាណិជ្ជកម្មដ៏មមាញឹកនាពេលអនាគត។

លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានប្រាប់ឲ្យដឹងដែរថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងស្ថាបនាកាត់តាមភូមិមួយចំនួន នៃស្រុកដំណាក់ចង្អើរ។ គម្រោងនេះ នឹងផ្តល់ផលប្រយោជន៍មហាសាល ដល់ពលរដ្ឋ និងជួយជំរុញដល់ប្រព័ន្ធសេដ្ឋកិច្ចជាតិ តាមរយៈការដោះដូរ និងដឹកជញ្ជូនទំនិញនាំចេញ នាំចូលជាដើម។
ជ្រែកជីកហ្វូណនតេជោ នឹងជួយឲ្យតំបន់ប៉ូលទេសចរណ៍តំបន់អង្កោលនៃខេត្តកែប កាន់តែមានភាពទាក់ទាញបន្លែមទៀត ខណ:ដែលបច្ចុប្បន្នផ្លូវកៅស៊ូប្របមាត់សមុទ្របានតភ្ជាប់តំបន់ទេសចរណ៍ខេត្ត មកកាន់តំបន់ឆ្នេរអង្កោល ធ្វើឲ្យទេសចរងាយស្រួលធ្វើដំណើរ និងមកកម្សាន្តច្រើនជាងមុន។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្រ ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះ គ្រោងប្រើប្រាស់ទឹកប្រាក់ប្រមាណ ១៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ។ តាមការគ្រោងទុកគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនេះ នឹងចាប់ផ្តើមបើកការរដ្ឋានសាងសង់នាពេលខាងមុខដ៏ខ្លីនេះហើយ៕