Saturday, March 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ ប្រារព្ឋទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ២៨ មេសា ក្រោមប្រធានបទ “ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើផ្នែកសុវត្ថិភាព និងសុខភាពការងារ”ដែលធ្វើឡើងនៅក្នុងក្រុមហ៊ុន ថូភេក អេឡិកទ្រិកឯ.ក ឯខេត្តពោធិ៍សាត់ដោយមានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ តំណាងអង្គការអន្តរជាតិខាងការងារ(ILO) តំណាងភាគីនិយោជក និងតំណាងភាគីសហជីព។

ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ និងរំលឹកពីសារសំខាន់នៃការប្រារព្ឋទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារដែលជាយន្តការអន្តរជាតិដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត រងគ្រោះថ្នាក់ដោយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការងារសមរម្យប្រកបដោយសុវត្ថិភាព និងសុខភាពការងារ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ទៅកាន់អង្គពិធីដែរថា ប្រទេសកម្ពុជាបានប្រារព្ឋរយៈពេល១៩លើកមកហើយដែលជាការបញ្ជាក់ពីជំហរ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើការគិតគូរជាអាទិភាពលើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យវិស័យឯកជនបន្ត និងខិតខំវិនិយោគបន្ថែមលើបច្ចេកវិទ្យាថ្មីៗនៅតាមរោងចក្រសហគ្រាសដែលមិនបង្កផលប៉ះពាល់ដល់បរិយាកាសក្នុងពេលបំពេញការងាររបស់កម្មករនិយោជិត ក៏ដូចជាការបន្តអនុវត្តឱ្យបានល្អបំផុតទៅតាមបទដ្ឋានបច្ចេកទេសស្តីពីសុវត្ថិភាពនៅកន្លែងការងារដែលក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈបានណែនាំដើម្បីសុវត្ថិភាពការងារដល់កម្មករ។

បន្ថែមពីនេះ រោងចក្រសហគ្រាសត្រូវតែមានក្រុមគ្រូពេទ្យការងារដើម្បីអាចពិនិត្យមើលលើស្ថានភាពសុខភាពជាក់ស្តែងរបស់កម្មករផង និងដើម្បីត្រៀមសង្គ្រោះបឋមពេលមានបញ្ហាសុខភាពណាមួយផងដែរដែលជាផ្នែកមួយនៃស្តង់ដារសុវត្ថិភាពការងារ។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមហេង សួរ បានគូសបញ្ជាក់ថា ការបង្កើតបាននូវ​សុខសុវត្ថិភាព​ដែលមាន​លក្ខណៈស្តង់ដារ​នៅតាមរោង​ចក្រសហគ្រាស នឹងផ្តល់ផលប្រយោជន៍យ៉ាងពិតប្រាកដជូនទាំងកម្មករនិយោជិត និងនិយោជក​ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដែលជាក្តីប្រាថ្នាចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា៕