Friday, February 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា មានមហិច្ឆតា គ្រោងនាំចេញត្រីងៀតជាច្រើនតោន ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងនូវែលហ្សេឡង់

ភ្នំពេញ៖ បន្ទាប់ពីកម្ពុជា បានជោគជ័យក្នុងការនាំចេញត្រីកែច្នៃជិត ៥តោន ជាលើកដំបូងទៅកាន់ប្រទេស​អូស្ត្រាលី កម្ពុជារំពឹងថា វានឹងត្រួសត្រាយផ្លូវ សម្រាប់ការធ្វើពាណិជ្ជកម្មនាំចេញត្រី ទៅកាន់ទីផ្សារបរទេស។ លោកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សហគ្រាស Home Taste Food បានឲ្យដឹងថា នេះជាលើកដំបូង ដែលសហគ្រាសអ្នកស្រី បានសាកល្បងនាំចេញត្រីកែច្នៃខ្មែរលើកដំបូងចំនួន ៤,៧តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS)។

លោកស្រី បានលើកឡើងថា ប្រសិនបើការនាំចេញសាកល្បងនេះ ទទួលបានជោគជ័យ វានឹងជួយបើកផ្លូវឲ្យសម្រាប់ការនាំចេញទៅជាបន្តបន្ទាប់ទៀត ហើយជាមួយគ្នានេះ អ្នកស្រីក៏កំពុងធ្វើការចរចានាំចេញត្រីកែច្នៃពីកម្ពុជា ទៅប្រទេសផ្សេងទៀត ដូចជា សហរដ្ឋអាមេរិក និងនូវែលហ្សេឡង់ ផងដែរ។ លោកស្រី បានបង្ហាញការរំពឹងថា ប្រសិនបើគម្រោងនេះ ទទួលបានជោគជ័យ សគ្រាស នឹងបង្កើនការនាំចេញឲ្យបានពី ១៥ទៅ ២០តោន សម្រាប់ឆ្នាំ ២០២៤នេះ។ ទោះជាយ៉ាងណា លោកស្រី បានលើកឡើងថា បញ្ហាកង្វះវត្ថុធាតុដើម ដើមទុន និងបច្ចេកទេស នៅតែបង្កជាក្តីបារម្ភសម្រាប់សហគ្រាស ដែលទើបបង្កើតថ្មីថ្មោងមួយនេះ។

បើតាមអ្នកស្រី ស៊ឹម សេរីរ័ត្ន បានឲ្យដឹងថា សហគ្រាស Home Taste Food អាចលក់ផលិត ផលត្រីកែច្នៃ មានត្រីងៀត ប្រហុក ផ្អក និងត្រីឆ្អើ ប្រមាណ ១តោន ក្នុងមួយខែ សម្រាប់ទីផ្សារក្នុងស្រុក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈលោកជំទាវ អ៊ឹម រចនា បានសរសេរក្នុងគណនីហ្វេកបូកផ្ទាល់ខ្លួនថា ការនាំចេញលើកដំបូងជាលក្ខណៈផ្លូវការ នូវប្រភេទត្រីកែច្នៃចំនួន ៣ប្រភេទ រួមមាន៖ ត្រីងៀត ត្រីឆ្អើរ និងត្រីបង្ហើម ធ្វើឡើងដោយដឹកតាមកប៉ាល់ ដែលមានបំពាក់ប្រព័ន្ធត្រជាក់ក្នុងបរិមាណ ៤,៧តោន ដើម្បីយកទៅលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី។ ក្រសួង នឹងបន្តគាំទ្រដល់សហគ្រាស Home Taste Food ដែលមានបំណងពង្រីកការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងប្រទេសញូហ្សែលែន នៅក្នុងបរិមាណជាង ១០០តោនទៀត នាពេលខាងមុខផងដែរ៕