Thursday, November 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់ហាងគ្រឿងអលង្ការហុងស៊ុយ SV Jewelry ចោទប្រកាន់ ហាងត្បូងធម្មជាតិប៉ៃលិន លួចចម្លងម៉ូដ ហើយនៅពេលអតិថិជនប្រើប្រាស់អាចនឹងជួបគ្រោះថ្នាក់ 

រាជធានីភ្នំពេញ ÷ ម្ចាស់ហាងគ្រឿងអលង្ការហុងស៊ុយ SV Jewelry  ដែលធ្វើសេវាកម្មលក់គ្រឿងអលង្ការរចនាលេខជីវិត ផ្សំធាតុជីវិត ដើម្បីបង្គ្រប់ឱកយមនុស្សលោកដែលប្រើប្រាស់ទទួលបានជោគជ័យសិរីមង្គលក្នុងការរស់នៅនោះ នាពេលនេះ បានធ្វើការចោទប្រកាន់ទៅលើ ហាងលក់គ្រឿងអលង្ការមួយកន្លែងឈ្មោះ ” ត្បូងធម្មជាតិប៉ៃលិន ” ដែលមានទីតាំងស្ថិតនៅខេត្តប៉ៃលិន ថា បានលួចចម្លងម៉ូដបន្តោងខ្សែ.កពីហាង គ្រឿងអលង្ការហុងស៊ុយ SV Jewelry  ព្រោះគ្រឿងអលង្ការហុងស៊ុយ SV Jewelry នេះ បានធ្វើម៉ូដបញ្ចុះលេខហុងស៊ុយ ពណ៌ និងធាតុផ្សំនៃជីវិតមុនគេ សម្រាប់ឱ្យអតិថិជនប្រើប្រាស់ទទួលបានលាភជ័យ លាភសំណាង ជោគជ័យក្នុងជីវិត។  

ម្ចាស់ហាងគ្រឿងអលង្ការហុងស៊ុយ SV Jewelry បានពន្យល់ថា ចាប់តាំងពីធ្វើអាជីវកម្មលើគ្រឿងអលង្ការហុងស៊ុយមក ហាង SV Jewelry បានប្រើប្រាស់ក្បួនខ្នាតត្រឹមត្រូវតាមការគុណគូរបែបវិទ្យាសាស្ត្រ ពោលគឺ ក្បួនណាប៉ូឡេអុង ហ៊ីល ដោយមានការសម្រិតសម្រាំងគុណគូររកលេខជីវិត ដូចជា បញ្ចុះលេខហុងស៊ុយ ពណ៌ និងធាតុផ្សំនៃជីវិត ដើម្បីលើកស្ទួយជីវិតរស់នៅរបស់អតិថិជន។ មិនតែប៉ុណ្ណោះ ធ្វើឱ្យអតិថិជនស្គាល់ពីខ្លួនឯងថា ជាមនុស្សប្រភេទម៉េច? អតិថិជនដឹងពីការប្រើប្រាស់ពណ៌ប្រចាំជីវិត ព្រមទាំងធាតុផ្សេងៗនៅក្នុងចក្រវាលយើងនេះ ហើយត្រូវបញ្ចុះទៅក្នុងគ្រឿងអលង្ការមានដូចជា បន្តោងខ្សែ.ក ចិញ្ចៀន និងក្រវិល ជាដើម ហើយធ្វើឱ្យអតិថិជនអាចកែប្រែឥរិយាបថក្នុងជីវិតរបស់ខ្លួន ដើម្បីឱ្យត្រូវនឹងដំណើរនៃការរស់នៅក្នុងសង្គមរួមមាន ” កាយ វាចា ចិត្ត ” គឺការប្រព្រឹត្តល្អទាំងសកម្មភាព ឥរិយាបថ , ពាក្យសម្ដីទៅកាន់នរណាម្នាក់ , ការជជែកពិភាក្សា និងអារម្មណ៍ផ្លូវចិត្តមិនបំពានអ្នកដទៃ ជ្រះថ្លានិងអ្នកដទៃ នោះនឹងធ្វើឱ្យជីវិតជោគជ័យទៅតាមហ្នឹង, នេះជាក្បួនហុងស៊ុយ ណាប៉ូឡេអុង ហ៊ីល ដែលហាងគ្រឿងអលង្ការហុងស៊ុយ SV Jewelry  កំពុងតែប្រតិបត្តិជាមួយអតិថិជនរបស់ខ្លួន។ 

ម្ចាស់ហាងគ្រឿងអលង្ការហុងស៊ុយ SV Jewelry បានបញ្ជាក់ថា ការដែលហាងគ្រឿងអលង្ការ ត្បូងធម្មជាតិប៉ៃលិន លួចចម្លងម៉ូដបន្តោងខ្សែ.ក ឬថា ហាងគ្រឿងអលង្ការផ្សេងៗទៀតណាមួយក៏ដោយ នៅពេលដែលលួចចម្លងម៉ូដបន្តោងខ្សែ.ក ឬក៏ក្រវិល ចិញ្ចៀនប្រភេទណាមួយ លក់ទៅឱ្យអតិថិជនប្រើប្រាស់ អាចប៉ះពាល់ដល់ហាងគ្រឿងអលង្ការហុងស៊ុយ SV Jewelry យ៉ាងខ្លាំងអំពីបញ្ហាគុណភាព និងប្រសិទ្ធភាព នៃសិរីសួស្ដីពាក់ព័ន្ធនឹងហុងស៊ុយ, ហើយនៅពេលដែលអតិថិជនប្រើប្រាស់គ្មានប្រសិទ្ធភាព គ្មានលាភសំណាង មិនទទួលបានជោគជ័យ ហើយបែរជាជួបគ្រោះថ្នាក់ផ្សេងៗទៅវិញនោះ ប្រាកដណាស់ថា អតិថិជននឹងយល់ច្រឡំមកលើ ហាងគ្រឿងអលង្ការហុងស៊ុយ SV Jewelry , ហេតុដូច្នេះ ម្ចាស់ហាងគ្រឿងអលង្ការហុងស៊ុយ SV Jewelry នឹងចាត់ចែងតាមផ្លូវច្បាប់ទៅលើ ហាងគ្រឿងអលង្ការ ត្បូងធម្មជាតិប៉ៃលិន ដោយមិនអនុញ្ញាតឱ្យហាងគ្រឿងអលង្ការណាមួយ លួចចម្លងម៉ូដតាម ហាងគ្រឿងអលង្ការហុងស៊ុយ SV Jewelry ឡើយ។ 

ទាក់ទងនឹងការចោទប្រកាន់នេះដែរ CEN បានទូរស័ព្ទទាក់ទងទៅ ម្ចាស់ហាង ត្បូងធម្មជាតិប៉ៃលិន ដើម្បីសុំការបកស្រាយ, ស្ត្រីម្ចាស់ហាងមួយនេះ បាននិយាយថា ហាងគ្រឿងអលង្ការត្បូងធម្មជាតិប៉ៃលិនរបស់អ្នកស្រី មិនបានលួចចម្លងម៉ូដពីហាងណាមួយនោះទេ ហើយម៉ូដបន្តោងខ្សែ.ក ដែលហាង SV Jewelry ចោទប្រកាន់នោះ អ្នកស្រីទទួលស្គាល់ថា បើវាជារបស់ SV Jewelry ក៏ជារបស់ SV Jewelry ទៅចុះ ប៉ុន្តែសូមយល់ដល់ហាងគាត់ផងថា ហាងគ្រឿងអលង្ការត្បូងធម្មជាតិប៉ៃលិនរបស់អ្នកស្រី គឺជាហាងលក់ដូរផង និងមានក្រុមជាងរចនាប្រចាំផង ហើយមិនពាក់ព័ន្ធនឹងហុងស៊ុយអីទេ ហាងអ្នកស្រីធ្វើតាមការកុម្ម៉ង់របស់អតិថិជនតែប៉ុណ្ណោះ ឱ្យតែគេកុម្ម៉ង់ម៉ូដ គេគូសវាសមក គឺជាងប្រចាំហាងគេធ្វើតាមហើយ ដូច្នេះអ្នកស្រីមិនបានលួចចម្លងម៉ូដតាមហាងណាមួយនោះទេ អ្នកស្រីហ៊ានស្បថ ហើយសូមឈប់ចោទប្រកាន់អ្នកស្រីទៀតទៅ។ 

អ្នកស្រីម្ចាស់ហាងរូបនេះ បានបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤  មានស្ត្រីម្នាក់ បានមកកុម៉្មង់ធ្វើបន្តោងខ្សែ.ក ដោយស្ត្រីអតិថិជននោះជាអ្នកគូសវាសប្រាប់ជាង ហើយជាងក៏ធ្វើតាមនោះទៅ ដូច្នេះអ្នកស្រីសូមបញ្ជាក់ថា មិនបានលួចចម្លងអីនោះទេ។ 

ងាកមកម្ចាស់ហាងគ្រឿងអលង្ការហុងស៊ុយ SV Jewelry វិញ បានអំពាវនាវថា សូមអតិថិជនដែលមកគុណគូររកលេខជីវិត រកពណ៌ និងធាតុផ្សំនៃជីវិត នៅហាងហុងស៊ុយ SV Jewelry ហើយ ស្រាប់តែទៅកុម្ម៉ង់ធ្វើគ្រឿងអលង្ការនៅហាងផ្សេង គឺគ្រោះថ្នាក់ណាស់ ព្រោះគ្មានក្បួនខ្នាតច្បាស់លាស់ត្រឹមត្រូវ គ្មានការថ្លឹងធាតុ គ្មានការប្រសិទ្ធី និងមិនមានការណែនាំ ហើយពេលអតិថិជនយកទៅពាក់ ឬប្រើប្រាស់ច្បាស់ជាជួបគ្រោះចង្រៃមិនខាន ដូច្នេះដើម្បីចៀសវាងគ្រោះថ្នាក់ សូមអតិថិជនកុំទៅកុម្ម៉ង់ធ្វើនៅហាងដែលគ្មានក្បួនខ្នាតច្បាស់លាស់៕ ពិសិដ្ឋ CEN

×