ភ្នំពេញ : «ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ខ្ញុំសូមធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង ០៧:០០ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមានទីស្តីការក្រសួង ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី ខេត្ត គ្រប់សាលាក្រុង ស្រុក ខណ្ឌ គ្រប់សាលាឃុំ សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិ ដើម្បីជាការបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹក អំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ»។ នេះបើតាមសារលិខិត សម្តេចធិបតី នាយករដ្ឋមន្ត្រី យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិកម្ពុជាគ្រប់រូប ដោយមិនប្រកាន់អាយុ ស្រទាប់វណ្ណៈ ពណ៌សម្បុរ មុខរបរ និងឋានៈសង្គម សូមរួមគ្នាធ្វើការដាក់ផ្កាគោរពវិញ្ញាណក្ខន្ធ ដើម្បីឧទ្ទិសដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅតាមបូជនីយដ្ឋានចងចាំនៃកម្ពុជា នៅរៀងរាល់ថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំ»។
បើតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចុះ « បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងដូច្នេះថា ថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បាន ក្លាយជាកាលបរិច្ឆេទនៃការចងចាំនិងដ៏មានសារៈសំខាន់មួយបន្ថែមទៀតសម្រាប់ជាតិ ប្រជាជនកម្ពុជា និងពិភពលោក ទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពី ទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា៕ រក្សាសិទ្ធដោយ : សុទ្ធលី
















