ភ្នំពេញ៖ បណ្ឌិត យ៉ង់ សាំងកុមារ បានឲ្យដឹងថា កម្ពុជាក្លាយជាប្រទេសនាំអង្ករចេញទាំងស្រូវ និងអង្ករ លេខរៀងទី៧លើពិភពលោក នៅឆ្នាំ ២០២៣ ២០២៤។

វិស័យស្រូវអង្ករកម្ពុជាមិនត្រឹមតែជោគជ័យក្នុងការផលិតស្បៀងសម្រាប់ធានាបានសន្តិសុខស្បៀងជូនជាតិទេគឺថែមទាំងចូលរួមចំណែកដល់សន្តិសុខស្បៀងពិភពលោកផងដែរ។

លោកបណ្ឌិត យ៉ង់ សាំងកុមារ បានបន្តថា គោលដៅទៅមុខ គឺបន្តធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ជាពិសេសគាំទ្រឲ្យមានការបង្កើនប្រាក់ចំណូលជូនកសិករអ្នកផលិតស្បៀង។

លោកបណ្ឌិត យ៉ង់ សាំងកុមារ បានបញ្ជាក់ថា ក្នុងមួយឆ្នាំ កម្ពុជាកម្ពុជាផលិតស្រូវបានជាង ១២ លានតោន ឬជាង ៧លានតោនអង្ករ ដែលលើសពីតំរូវការក្នុងស្រុកប្រមាណ ៥០ ភាគរយ។

ដោយឡែកនៅក្នុងរយ:ពេល៤ ខែឆ្នាំ២០២៤ នេះបរិមាណនាំចេញកើនឡើងថែមជាង ៣០ ភាគរយបើធៀបទៅនឹងរយៈពេល៤ខែដូចគ្នានៅឆ្នាំ ២០២៣។ នេះ បើតាមបណ្ដាញសង្គមរបស់បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជា បាននាំចេញអង្ករចំនួន ៦៥៦ ៣២៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦១ ទទួលបានទឹកប្រាក់បានចំនួនជាង៤៦៦លានដុល្លារ៕


