ភ្នំពេញ៖ ស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានឲ្យដឹងថា កម្ពុជា រកចំណូលបានប្រមាណ ១៩,៩១ លានដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្មៀស ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំនេះ កើនឡើង ៤១,៩៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ភ្ញៀវទេសចរបរទេស ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំនេះ មានចំនួន ៤២១.៣៧៩នាក់ កើន ៤០,៩៣% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។

បើតាមសេចក្តីប្រកាសពីព័ត៌មានស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានឲ្យដឹងទៀតថា រយៈពេល ៤ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៨៤២.៧៥៨ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។
គួររំលឹកឡើងវិញថា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានប្រមាណជាង ៧៩ម៉ឺននាក់ ទទួលបានចំណូល ៣៧,១៩លានដុល្លារអាមេរិក កើនឡើងចំនួន២២២,៦៨ភាគរយ៕