Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តកោះកុង កំពុងជំរុញ អភិវឌ្ឍន៍ និងអភិរក្សអណ្ដើកហ្លួង ឱ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ ដែលមានភាពទាក់ទាញ

spot_img

កោះកុង៖ អាជ្ញាធរជំនាញខេត្តកោះកុង កំពុងជំរុញអភិរក្សអណ្ដើកហ្លួង និងអភិវឌ្ឍន៍តំបន់មួយនេះឱ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនា និងស្វែងយល់ពីប្រភេទសត្វដ៏កម្រមួយនេះដែលជាឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។

មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងនេះ ស្ថិតនៅភូមិទួលគគីរ ឃុំទទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែល មជ្ឈមណ្ឌលអភិរក្សនេះ កំពុងថែទាំ អណ្ដើកហ្លួងសរុប ២៤៥ក្បាល និងមានមេពូជចំនួន ៥០ក្បាល (ញី ២៥ក្បាល), កូនអណ្ដើកហ្លួងទើបញ៉ាស់ចំនួន ១២៣ក្បាល ដែលការចុះពិនិត្យនេះធ្វើឡើង កាលពីថ្ងៃទី០៥ ឧសភា ២០២៤។

សព្វថ្ងៃមជ្ឈមណ្ឌលក្នុងភូមិទួលគគីរនេះ បាននិងកំពុងដំណើរការសាងសង់ស្រះ ថែបំប៉នមេពូជចំនួនពីរបន្ថែមទៀត ដើម្បីបង្កាត់ពូជ ក្នុងគោលបំណងបង្កើនចំនួនពងកូនក្នុងមជ្ឈមណ្ឌល ដើម្បីយកទៅលែងចូលទីជម្រកធម្មជាតិរបស់វាវិញ ដោយតាមរយ:អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផល និងស្ថាប័នពាក់ព័ន្ធនានានឹងគ្រោងប្រារព្ធពិធីសម្ភោធសម្មិទ្ធិផលក្នុងមជ្ឈមណ្ឌល រួមទាំងការលែងអណ្ដើកហ្លួង ចូលក្នុងទីជម្រកធម្មជាតិក្នុងប្រព័ន្ធព្រែកស្រែអំបិលជាលើកទីពីរក្នុងឆ្នាំ២០២៤នេះម្ដងទៀត ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។

លោកស្រី អ៊ី នារីនេត អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ក៏បានជំរុញឱ្យក្រុមការងារអភិរក្សអណ្ដើកហ្លួង ខិតខំអភិរក្ស ធ្វើយ៉ាងណាឲ្យតំបន់មួយនេះ ក្លាយទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ តំបន់អេកូទេសចរណ៍មួយក្នុងខេត្ត ដែលអាចទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន ចូលមកទស្សនាកម្សាន្ត និងស្វែងយល់ពីប្រភេទសត្វដ៏កម្រដែលជាឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា អណ្តើកហ្លួង (Southern River Terrapin) ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN Red List ជាប្រភេទសត្វជិតផុតពូជ ហើយត្រូវបានគេជឿថា បានផុតពូជម្តងរួចមកហើយ រហូតត្រូវបានរកឃើញឡើងវិញ តាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងឆ្នាំ២០០០កន្លងទៅ។ លទ្ធផលនេះ បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង ក្នុងការងារអភិរក្ស រួមទាំងការការពារសំបុក និងការអភិរក្សដោយមានការចូលរួមពីសហគមន៍ ជាងពីរទសវត្សរ៍មកនេះ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕

spot_img
×