Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» ជាការសម្រួលការងារធុរកិច្ចនាំចេញ-នាំចូល អភិវឌ្ឍន៍សេដ្ឋកិច្ច

spot_img






រាជធានីភ្នំពេញ ÷ «ប្រព័ន្ធបញ្ជរតែមួយជាតិ» សម្រាប់ពាណិជ្ជករ, វិនិយោគិន និងអ្នកជំនួញជួញដូរ អាជីវករផ្សេងៗ គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

«ប្រព័ន្ធបញ្ជរតែមួយជាតិ» នេះ នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធការនាំ ចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ តាមមធ្យោបាយអេឡិចត្រូនិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានចូលរួមប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដោយថ្លែងថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរលើការធ្វើធុរកិច្ចនៅកម្ពុជា។

«ប្រព័ន្ធបញ្ជរតែមួយជាតិ» នឹងធ្វើឱ្យការងារធ្វើកិច្ចនៅកម្ពុជាមានភាពប្រសើរឡើង ខណៈកម្ពុជាក៏កំពង់ស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ ក្នុងតំបន់ និងលើសាកលលោក, ព្រោះក្នុងអំឡុងនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បើទោះបីជាកម្ពុជាមានកំណើនអវិជ្ជមាន ក្នុងឆ្នាំ២០២០ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជា បានស្ទុះឡើងវិញយ៉ាងឆាប់ ដោយសម្រេចបានកំណើន ៥,១% ក្នុងឆ្នាំ ២០២២, និង ៥% ក្នុងឆ្នាំ ២០២៣, ហើយត្រូវបានព្យាករណ៍ថា នឹងបន្តសម្រេចបានកំណើនខ្ពស់ ក្នុងរយៈពេលមធ្យម ទៅរយៈពេលវែងខាងមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល តែងកំណត់ការកែលម្អបរិយាកាសធុរកិច្ច ការវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ជាអាទិភាពដ៏ចម្បងមួយ ដោយបានដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្ត្រ, កម្មវិធី, និងវិធានការកែទម្រង់, ព្រមទាំងបទដ្ឋានគតិយុត្តសម្រាប់កែលម្អការអនុវត្តជាក់ស្ដែង ជាបន្តបន្ទាប់ ឈានទៅសម្រេចគោលដៅ កម្ពុជាមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕ ពិសិដ្ឋ CEN

spot_img
×