ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានអនុវត្តការវាយតម្លៃភាពរួចរាល់នៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក eTrade Readiness Assessment ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញគំនិតផ្តួចផ្តើមនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ប្រព័ន្ធអេកូឡូហ្ស៊ីនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធានបទស្តីពី “ការដោះស្រាយបញ្ហាប្រឈមសម្រាប់ការត្រៀមលក្ខណៈឌីជីថលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍” ដែលជាកិច្ចពិភាក្សាដ៏សំខាន់មួយ ជាមួយថ្នាក់រដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំលើកទី៧ ស្តីពី “UNCTAD Intergovernmental Group of Experts (IGE) on E-Commerce and the Digital Economy”ដែលធ្វើឡើងនាពេលថ្មីៗនេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជា ប្តេជ្ញាពង្រឹងបន្ថែមទៀតនូវប្រព័ន្ធអេកូពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយសារកម្ពុជា ជាប្រទេសឈានមុខគេក្នុងការអនុវត្ត eTrade Readiness Assessment ដោយសម្រេចបាននូវអត្រាអនុវត្តខ្ពស់គួរឱ្យកត់សម្គាល់ប្រមាណ៩២%។

លោកជំទាវ បានសង្កត់ធ្ងន់ថា កម្ពុជាប្តេជ្ញាចិត្តក្នុងការពង្រួមគម្លាតឌីជីថល និងជំរុញកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យនេះ។ កម្ពុជាទទួលស្គាល់នូវសារសំខាន់នៃសហគ្រាសមីក្រូ ធុនតូច និងមធ្យម ព្រមទាំងបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីធានានូវកំណើនសហគ្រាសមីក្រូ ធុនតូច និងមធ្យម ឱ្យកាន់តែច្រើនឡើង និងអាចទទួលបាននូវសេវាសាធារណៈ និងធានាបាននូវហិរញ្ញប្បទាន ដែលពួកគេត្រូវការ ដើម្បីបន្តភាពរីកចម្រើនបន្ថែមទៀត។
គួរបញ្ជាក់ថា បើតាមអគ្គនាយកដ្ឋានពន្ធដារ(GDT) បានឲ្យដឹងថា ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce) បានជួយឱ្យរដ្ឋាភិបាលកម្ពុជា រកចំណូលពន្ធបានប្រមាណជាង ៧៥លានដុល្លារកាលពី ឆ្នាំ២០២៣កន្លងទៅ ខណៈការប្រមូលចំណូលពន្ធប្រភេទនេះ បានចាប់ផ្តើមអនុវត្តដំបូងកាលពីដើមត្រីមាស ទី២ ឆ្នាំ២០២២៕