មង្គលការរបស់ម្ចាស់ក្សត្រិយ៍ជប៉ុន Mako និង«រាស្ដ្រសាមញ្ញ» មេធាវី Kei Komuro នឹងមិនប្រព្រឹត្ដទៅតាមផែនការនាខែ កញ្ញាខាងមុខនេះទេ ព្រោះតែអនាគតម្ដាយក្មេករបស់នាងត្រូវបានដឹងថាកំពុងជំពាក់បំណុលគេ។

ម្ចាស់ក្សត្រិយ៍ Mako បានក្លាយជាប្រធានបទរបស់សារព័ត៌មាន ក្រោយពេលប្រកាសថា នឹងរៀបការជាមួយមេធាវីវ័យ២៦ឆ្នាំ Kei Komuro។អ្នកទាំងពីរបានស្គាល់គ្នាក្នុងអំឡុងពេលជានិស្សិតនៅតូក្យូ។
តាមផែនការ មង្គលការនេះនឹងប្រព្រឹត្ថទៅនៅខែកញ្ញា ហើយម្ចាស់ក្សត្រិយ៍ Mako នឹងបាត់បង់ឋានៈជារាជវង្សព្រោះរៀបការជាមួយរាស្ដ្រសាមញ្ញ។
សារព័ត៌មានជប៉ុនបានចុះផ្សាយព័ត៌មានថា ព្រះបិតារបស់នាង Akishino និងព្រះមាតាKiko កំពុងខ្វាយខ្វល់យ៉ាងខ្លាំងពេលឮព័ត៌មានថាម្ដាយរបស់អនាគតស្វាមី Makoកំពុងជួបបញ្ហាហិរញ្ញវត្ថុផ្ដើមចេញពីខ្ទង់ប្រាក់ខ្ចីពីអតីតស្វាមីដើម្បីយកមកឱ្យកូនប្រុសរៀននៅសកលវិទ្យាល័យ។
ព្រះបិតានិងមាតារបស់ Mako បានជួបជាមួយគ្រួសារKomuro ហើយផ្ដើមសំណើផ្អាកមង្គលការរហូតដល់ពេលបញ្ហាបំណុលបានត្រូវដោះស្រាយរួច។ ប្រភពពីKyodoដឹងថា MakoនិងKomuro នៅបន្ដការទាក់ទងជាប្រចាំនិងនៅតែរក្សាការសម្រេចចិត្ដរៀបការ គ្រាន់តែពុំទាន់កំណត់ច្បាស់ពេលវេលាប៉ុណ្ណោះ។
ប្រភពដដែលឱ្យដឹងថា Komuro បានចេញផុតពីជប៉ុនទៅដល់ទីក្រុងNew York អាមេរិកដើម្បីបន្ដការសិក្សារយៈពេល៣ឆ្នាំ។មុននោះMako កាលពីអំឡុងខែកុម្ភៈក៏បានប្រកាសថានឹងពន្យារពេលមង្គលការដល់ឆ្នាំ២០២០ ដើម្បីមានពេលវេលាស្វែងយល់និងពិចារណាបន្ថែមឱ្យបានជ្រាលជ្រៅបំផុត។។ម្ចាស់ក្សត្រិយ៍Mako ពោលថា យើងខ្ញុំពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីត្រៀមបម្រុងឱ្យបានហ្មត់ចត់សម្រាប់ព្រឹត្ដិការណ៍ជាច្រើនឆ្ពោះទៅដល់ការរៀបការនៃអនាគតជីវភាពបន្ទាប់នោះ។ យើងខ្ញុំជឿថាពួកយើងបានតក់ក្រហល់ពេក។
ប្រសិនបើមង្គលការត្រូវបានអនុវត្តន៍នោះ ម្ចាស់ក្សត្រិយ៍Makoនឹងត្រូវបានរដ្ឋាភិបាលជប៉ុនជំនួយប្រាក់១០០លានយ៉េន សម្រាប់ការរស់នៅក្នុងជីវភាពថ្មីជារាស្ដ្រសាមញ្ញ៕
សូយន