ភ្នំពេញ៖ បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជា មានតែការជួញដូរប្រាក់រៀលប៉ុណ្ណោះ ដូច្នេះផ្សារមូលបត្រកម្ពុជា បានដាក់ចេញនូវវិធានការថ្មីតាមរយៈការទិញ-លក់ភាគហ៊ុន ដោយអាចប្រើប្រាស់ប្រាក់ដុល្លារ ដើម្បីឲ្យម្ចាស់ភាគហ៊ុនទាំងអស់មានជម្រើសអាចប្រើប្រាស់ទាំងប្រាក់រៀល និងដុល្លារអាមេរិក។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បានលើកឡើងបែបនេះនៅក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម ហុង សុហួរ បានបន្តថា ការដាក់ចេញវិធានការថ្មីនេះ យើងសង្កេតឃើញថា មានលុយទុកកាន់តែច្រើននៅក្នុងគណនីជួញដូរ ដោយសារពីមុនមកនោះ ក្រោយពីធ្វើការជួញដូរជាប្រាក់រៀលរួចហើយ គឺមានការដកលុយចេញវិញជាច្រើន។ ប៉ុន្តែឥឡូវនេះ យើងមិនចាំបាច់ធ្វើបែបនេះឡើយ ពោលគឺយើងអាចមានជម្រើសទាំងពីរឲ្យពួកគាត់អាចជួញដូរ បានងាយស្រួលជាងមុនផងដែរ។
ឯកឧត្តម ហុង សុហួរ បញ្ជាក់ថា ម្ចាស់ភាគហ៊ុនភាគច្រើនបានយកលុយរៀលទៅដូរយកជាប្រាក់ដុល្លារមុននឹងដកចេញពីគណនីជួញដូរ និងបានយកប្រាក់ដុល្លារទៅដូរជាប្រាក់រៀល ដើម្បីធ្វើការជួញដូរនៅក្នុងគណនីជួញដូរ ហើយយើងនៅតែបន្តគាំទ្រប្រាក់រៀងរបស់យើងដដែល។ ការដាក់ឱ្យដំណើរការនូវមុខងារទូទាត់នូវប្រតិបត្តិការជួញដូរជាប្រាក់ដុល្លារ ដើម្បីជួយកាត់បន្ថយនូវហានិភ័យអត្រាប្តូរប្រាក់ ក៏ដូចជាជួយសម្រួលដល់វិនិយោគិន ដែលមានគណនីសាច់ប្រាក់ជាដុល្លារ។
បន្ថែមពីនេះ ផ្សារមូលបត្រកម្ពុជា នឹងក្លាយជាជម្រើសដ៍ល្អបំផុត ក្នុងការជួយគាំទ្រម្ចាស់អាជីវកម្ម ដែលកំពុងត្រូវការមូលធន ជាពិសេសនៅក្នុងកាលៈទេសៈនេះ ដែលស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន មានសភាពមិនអំណោយផល តាមរយៈការធ្វើពិពិធកម្មមូលធន មិនថា ជាការលក់ភាគហ៊ុន ឬកម្ចី ។
ឯកឧត្តមលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មទាំងអស់ ចេះប្រើប្រាស់លុយអ្នកដទៃ ដើម្បីពង្រីក និងជំរុញកំណើនសក្ដានុពលអាជីវកម្មប្រកបដោយចីរភាព និងឆ្ពោះទៅកាន់យុគសម័យឌីជីថល។ លើសពីនេះ ផ្សារមូលបត្រកម្ពុជា ក៏នឹងក្លាយជាទីកន្លែងមួយ ដែលផ្តល់នូវជម្រើសឧបករណ៍ហិរញ្ញវត្ថុល្អៗ ដែលនេះនឹងបង្កើតនូវចំណូលអកម្ម និងផ្តល់នូវសេរីភាពហិរញ្ញវត្ថុ ជូនទៅដល់វិនិយោគិនទូទៅផងដែរ។
សូមបញ្ជាក់ថា គិតមកទល់ដើមឆ្នាំ ២០២៤នេះ ក្រុមហ៊ុនចំនួន ២៣ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ប្រមូលទុនបានប្រមាណ ៣៧៩លានដុល្លារអាមេរិក ដើម្បីយកទៅពង្រីកអាជីវកម្ម ដែលមកទល់ពេលនេះ គណនីបានកើនឡើងដល់ ៤ម៉ឺន ៩០០០គណនី ក្រោយពីបានសម្ពាធ និងដាក់ឱ្យដំណើរការនូវមុខងារបើកគណនីជួញដូរអនឡាញ ដែលផ្តល់ភាពងាយស្រួល និងរហ័សជូនទៅដល់វិនិយោគិន៕