ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា កម្ពុជាសម្រេចបានការនាំចេញអង្ករជាង ២៤៨ពាន់តោន ដែលគិតជាទឹកប្រាក់មានចំនួន ១៧០លានដុល្លារ ក្នុងរយៈពេល ៤ខែ ឆ្នាំ ២០២៤នេះ។

ការនាំចេញអង្កររបស់កម្ពុជា ក្នុងគោលដៅមាន ៦០ប្រទេស ក្នុងនោះ តំបន់អឺរ៉ុប នាំមុខគេដោយបានបញ្ជាទិញអង្ករពីកម្ពុជា ក្នុងបរិមាណជាង ១០ម៉ឺនតោន មានតម្លៃទឹកប្រាក់ ៨១,៦២លានដុល្លារ។

ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តហុងកុង បានឈរនៅលំដាប់ថ្នាក់ទី២ ដែលបានទិញក្នុងទំហំជាង ៦ម៉ឺន ៧ពាន់តោន មានតម្លៃ ៤២,២៨លានដុល្លារ។

ក្រៅពីនេះ ប្រទេសសមាជិកអាស៊ាន ចំនួន ៧ ដែលបានទិញក្នុងចំនួនជាង ៥ម៉ឺនតោន មានតម្លៃ ២៧,៧៤លានដុល្លារ ព្រមទាំង ២៤ប្រទេសផ្សេងៗទៀត នៅអាហ្វ្រិក និងមជ្ឈិមបូព៌ា មានចំនួនជាង ២ម៉ឺនតោន មានតម្លៃ ១៨,៥៧លានដុល្លារ។ អង្ករក្រអូបគ្រប់ប្រភេទរបស់កម្ពុជា គ្រប់ដណ្ដប់ការនាំចេញសរុបរហូតដល់ ៧៣ភាគរយ។ លើសពីនោះ ក៏មានអង្ករសធម្មតា, អង្ករចំហ៊ុយ និងអង្ករសរីរាង្គផងដែរ។

សូមជម្រាបថា ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២៤នេះ កម្ពុជា បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាង ពិសេសប្រទេសវៀតណាមប្រមាណ ២,៤១ លានតោន ដែលគិតជាទឹកប្រាក់ ៦៩៣លានដុល្លារ ក្នុងនោះ ៧២ភាគរយ បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ចត្រឹមត្រូវផងដែរ៕