Friday, February 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-អាមេរិក ឯកភាពគ្នា ប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ កម្ពុជា និងអាមេរិក បានឯកភាពគ្នាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈកិច្ចសហប្រតិបត្តការផ្លាស់ប្តូព័ត៌មានឲ្យបានជាក់លាក់ និងច្បាស់លាស់ ដើម្បីឈានទៅធ្វើការទប់ស្កាត់ និងបង្ក្រាប និងធ្វើការកាត់ទោសខ្សែរយៈបណ្តាញ ដែលនៅពីក្រោយបទល្មើស។

នេះបើតាមការឲ្យដឹងពីជំនួបរវាងឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គ​រដ្ឋទូតអាមេរិកប្រចាំកម្ពុជាចប់អាណត្តិ ដែលបានជម្រាបលានៅទីស្តីការក្រសួងមហាផ្ទៃរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានសម្តែងការស្វាគមន៍ចំពោះវត្តមានឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា និងគណប្រតិភូដែលបានអញ្ជើញចូលជួបដើម្បីពិភាក្សាការងារ។

លោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជាបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ដែលបានផ្តល់កិច្ចសហការជាមួយកងកម្លាំងអនុវត្តច្បាប់របស់អាមេរិកក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទដែលមានក្រុមការងារ Task Force រហូតសម្រេចបានលទ្ធផលជាច្រើនគួរកត់សម្គាល់ និងថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជាដែលបានផ្តល់កិច្ចការពារសន្តិសុខ និងសុវត្ថិភាពដល់បុគ្គលិគស្ថានទូតក៏ដូចជានិវេសនដ្ឋានទូតព្រមទាំងប្រជាពលរដ្ឋអាមេរិកដែលមានវត្តមានក្នុងប្រទេសកម្ពុជា។​

ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិក៏បានកោតសរសើរអំពីការមើលឃើញពីភាពជាក់ស្តែងនៃកិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជាក្នុងសហប្រតិបត្តការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ។ ជាមួយគ្នានោះ លោកអគ្គស្នងការនគរបាលជាតិ និងលោកឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជាក៏បានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញតាមរយៈកិច្ចសហប្រតិបត្តការផ្លាស់ប្តូព័ត៌មានអោយបានជាក់លាក់ និងច្បាស់លាស់ដើម្បីឈានទៅធ្វើការទប់ស្កាត់ និងបង្ក្រាប និងធ្វើការកាត់ទោសខ្សែរយៈបណ្តាញដែលនៅពីក្រោយបទល្មើសទាំងអស់នេះផងដែរ។

គួរបញ្ជាក់ថា ភាគីទាំងពីរ បានឯកភាពគ្នាពាក់ព័ន្ធ និងការបង្កើតកិច្ចសហប្រតិបត្តការណ៍ប្រយុទ្ធប្រឆាំងបទល្មើសដោយផ្តោតទៅលើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើជំនាញដែលពាក់ព័ន្ធដល់មន្ត្រីនគរបាលជាតិកម្ពុជា ដោយចំនុចនេះ ភាគីអាមេរិកនៅតែបន្តជួយគាំទ្របណ្តុះបណ្តាលដល់មន្ត្រីនគរបាលជាតិកម្ពុជាទាំងវគ្គបណ្តុះបណ្តាលក្នុងប្រទេស និងក្រៅប្រទេសដែលផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក៕