Friday, February 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហព័ន្ធស្រូវអង្ករកម្ពុជា និងស្ថាប័នហិរញ្ញវត្ថុ ចុះកិច្ចព្រមព្រៀងលើគម្រោងធានាការនាំចេញអង្ករចំនួន ៣០ លានដុល្លារ

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងស្ថាប័នហិរញ្ញវត្ថុដែលចូលរួម (PFIs) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងធានាការនាំចេញអង្ករចំនួន ៣០ លានដុល្លារ (REGS) ដើម្បីជួយរោងម៉ាស៊ីនកិនស្រូវស្តុកទុកសម្រាប់កិន កែច្នៃ ការនាំចេញ និងការបង្កើនផលិតផលតម្លៃបន្ថែមក្នុងស្រុក។

ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មធានាឥណទានកម្ពុជា និងថ្នាក់ដឹកនាំ និងសមាជិកនៃ សហព័ន្ធស្រូវអង្ករកម្ពុជា ស្ថាប័នហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា។​

កិច្ចសហប្រតិបត្តិការជាផ្លូវការដោយភាគីទាំងបីលើគម្រោងធានាការនាំចេញអង្ករ គឺសំដៅបង្កើនផលិតភាព និងការប្រកួតប្រជែងនៃឧស្សាហកម្មអង្កររបស់កម្ពុជា និងជំរុញការនាំចេញអង្ករស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីវិស័យកសិកម្ម។

ឯកឧត្តម រស់ សីលវ៉ា បានមានប្រសាសន៍ថា នេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាល ក្នុងការគាំទ្រផលិតកម្មស្រូវ និងការនាំចេញអង្កររបស់កម្ពុជា តាមរយៈគម្រោងធានាឥណទានសាធារណៈ ដែល CGCC ជាប្រតិបត្តិករ ដោយផ្តល់ការធានាចំនួន ៨០ភាគរយ ជាមួយនឹងប្រាក់កម្ចីអតិបរមារហូតដល់ ៣ លានដុល្លារ។

លោក ចាន់ សុខឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា កញ្ចប់ធានាឥណទានស្រូវនឹងជួយឱ្យរោងម៉ាស៊ីនកិនស្រូវពង្រីកអាជីវកម្មរបស់ខ្លួន ក្នុងការប្រមូលស្រូវស្តុកសំរាប់កិនកែច្នៃនាំចេញ បង្កើត និងបង្កើននូវផលិតផលតម្លៃបន្ថែមនៅក្នុងស្រុក ដែលកើតចេញពីអនុផលនៃការកិនស្រូវទាំងអស់ដល់វិស័យផ្សេងទៀត ដូចជាវារីវប្បកម្ម និងកសិដ្ឋានចិញ្ចឹមសត្វ។

លោក Wong Keet Loong អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា បានមានប្រសាសន៍ថា យើងគាំទ្រនូវឆន្ទៈរបស់រដ្ឋាភិបាលក្នុងការនាំចេញអង្ករឱ្យបានមួយលានតោន នៅឆ្នាំ២០២៥។ ហើយនេះគឺជាជំហានទីមួយនៃគម្រោង ដោយយើងនឹងស្នើបង្កើនទំហំគម្រោង ប្រសិនបើមានតម្រូវការខ្ពស់សម្រាប់ការធានាឥណទាន។

របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញអង្ករជាង ២៤៨,០០០ តោនក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ ដោយទទួលបានប្រាក់ចំណូលសរុបចំនួន ១៧០ លានដុល្លារ៕