Friday, February 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញកៅស៊ូរបស់កម្ពុជា រកចំណូលពីបានជាង ៤០០លានដុល្លារ ក្នុងរយៈពេល ៤ខែដំបូងឆ្នាំនេះ

ភ្នំពេញ៖ បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះជាការកើនឡើងទ្វេដង ដែលប្រទេសកម្ពុជារកដំណូលបាន ពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ ក្នុងតម្លៃទឹកប្រាក់សរុបចំនួន ៤០២លានដុល្លារអាម៉េរិក នៅរយៈពេល ៤ខែដំបូង ឆ្នាំ២០២៤ ដោយបានកើនឡើង ៩៤,៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នឹងឆ្នាំ២០២៣កន្លងទៅ។

បើតាមទិន្នន័យដដែល និន្នាការកើនឡើងនៃតម្លៃនាំចេញកៅស៊ូរបស់កម្ពុជានេះ បានចាប់ផ្តើមនៅចុងឆ្នាំ២០២២ បន្តដល់ឆ្នាំ ២០២៤នេះ បន្ទាប់ពីមានការធ្លាក់ចុះនៃការផលិតកៅស៊ូធម្មជាតិនៅទូទាំងពិភពលោក ដែលធ្វើឲ្យថ្លៃកៅស៊ូកើនឡើង។

ទន្ទឹមនឹងតម្រូវការជ័រកៅស៊ូ នៅក្នុងស្រុករបស់ប្រទេសកម្ពុជា ក៏កំពុងមាននិន្នាការកើនឡើងជាបណ្តើរៗផងដែរ ដែលខុសកាលពីមុន ប្រទេសកម្ពុជា បាននាំចេញជ័រកៅស៊ូស្ទើរទាំង ស្រុងទៅទីផ្សារក្រៅប្រទេស ខណៈបច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្តចំនួន ៣កន្លែង ក្នុងនោះគឺ រោងចក្រទី ១ ស្ថិតនៅខេត្តស្វាយរៀង, រោងចក្រទី ២ ស្ថិតនៅខេត្តព្រះសីហនុ និងរោងចក្រទី ៣ស្ថិតនៅខេត្តក្រចេះ ដោយរោងចក្រទាំងនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន។

នៅដើមឆ្នាំ២០២៤នេះ ទីផ្សារកៅស៊ូធម្មជាតិពិភពលោក បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលជំរុញដោយអន្តរកម្មដ៏ស្មុគស្មាញនៃកត្តាដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ ក៏ដូចជា តម្រូវការ។ នៅប្រទេសថៃ ដែលជាប្រទេសផលិតកៅស៊ូធម្មជាតិឈានមុខគេរបស់ពិភពលោក តម្លៃបាន និងកំពុងហក់ឡើង ដោយសារអាកាសធាតុរំខានដល់ការផលិត និងការប្រមូលផលកៅស៊ូធម្មជាតិ។ ការកើនឡើងតម្លៃស្រដៀងគ្នានេះត្រូវបានគេសង្កេតឃើញនៅក្នុងប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដែលជាតួអង្គសំខាន់នៅក្នុងទីផ្សារកៅស៊ូធម្មជាតិពិភពលោក ដោយសារតែការរឹតបន្តឹងនៃការផ្គត់ផ្គង់ចំពេលមានតម្រូវការកើនឡើង។

ម៉្យាងទៀត មានកត្តាជាច្រើនក្នុងដំណើរការរួមគ្នាដើម្បីជំរុញឱ្យមានការកើនឡើងនៃតម្លៃនេះ រួមទាំងតម្លៃប្រេងឆៅខ្ពស់ ការកើនឡើងនៃតម្រូវការពីឧស្សាហកម្មរថយន្តអគ្គិសនីរបស់ប្រទេសចិន និងការព្រួយបារម្ភលើការរំខានទាក់ទងនឹងអាកាសធាតុនៅក្នុងតំបន់អាស៊ីខាងត្បូង។

ហើយយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងឆ្នាំ ២០២១ កម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង ៤០ម៉ឺនហិកតា។ កម្ពុជាក៏មានរោងចក្រកែច្នៃកៅស៊ូ និងមជ្ឈមណ្ឌលសិប្បកម្មចំនួន ១៦៨ ក្នុងខេត្តចំនួន ១១។ កំពង់ធំ គឺជាខេត្តដែលផលិតកៅស៊ូនាំមុខគេក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃដីដាំដំណាំសរុបចំនួន ១៥,៤% បន្ទាប់មកខេត្តមណ្ឌលគិរី ៨,៤% និងស្ទឹងត្រែង ៤,២%។

គួរបញ្ជាក់ថា ទីផ្សារនាំចេញកៅស៊ូសំខាន់ៗរបស់កម្ពុជា រួមមាន៖ វៀតណាម ចិន ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌា និងសហភាពអឺរ៉ុប។ ប្រទេសកម្ពុជា រកចំណូលបាន ៩១៩លានដុល្លារអាម៉េរិក ពីការនាំចេញកៅស៊ូ និងកៅស៊ូផលិតផលធ្វើអំពីកៅស៊ូ នៅឆ្នាំ ២០២៣ ដែលកត់ត្រាកំណើន ៦៩,៦ភាគរយ បើធៀបនឹងឆ្នាំ ២០២២៕