ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះបញ្ជីរោងចក្រថ្មីចំនួន ៧៥ ក្នុងអំឡុងខែមករា ដល់ខែមេសា ឆ្នាំ២០២៤នេះ ធ្វើឱ្យចំនួនរោងចក្រ ដែលបានចុះបញ្ជីសរុបក្នុងប្រទេស កើនដល់ ២.១៩៥ រោងចក្រ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ការវិនិយោគភាគច្រើនមកពីប្រទេសចិន បន្ទាប់មកគឺកូរ៉េខាងត្បូង ជប៉ុន និងថៃ ហើយរោងចក្រថ្មីៗស្ទើរតែទាំងអស់ គឺជារោងចក្រកាត់ដេរសំលៀកបំពាក់។ ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺជាវិស័យរកចំណូលច្រើនជាងគេសម្រាប់ប្រទេសកម្ពុជា។ រោងចក្រដែលបានចុះបញ្ជីទាំងអស់ បានបង្កើតការងារចំនួន ១,៥៨ លានកន្លែង ដល់ប្រជាពលរដ្ឋខ្មែរ។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងឧស្សាហកម្ម បានបញ្ជាក់ថា គិតត្រឹមក្នុងខែមេសា ក្រសួង បានចុះបញ្ជីរោងចក្រថ្មីចំនួន ២០ ហើយរោងចក្រចំនួន១៩ បានដំណើរការឡើងវិញជាមួយនឹងការវិនិយោគសរុបចំនួន២៨៤ លានដុល្លារ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជា បាននាំចេញទំនិញ ក្នុងទំហំទឹកប្រាក់ ៨ ពាន់លានដុល្លារ ក្នុងរយៈពេល ៤ ខែដំបូងក្នុងឆ្នាំ២០២៤នេះ កើនឡើង ១៥,២ ភាគរយ ពី ៧,៦០ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ៕