ខេត្តកំពង់ស្ពឺ ៖ ក្រុមក្មេងស្ទាវចំនួន ៧ នាក់ ត្រូវបានឃាត់ខ្លួន ហើយ ២ នាក់ទៀត នគរបាលកំពុងតាមប្រម៉ាញ់ ខណៈដែលក្រុមក្មេងស្ទាវចំនួនពីរ ក្រុម បានបើកឆាកប្រយុទ្ធគ្នានៅក្នុងពិធីមង្គលការ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវកំពុងតែអង្គុយហូបអាហារ រត់ចែកជើងគ្នាព្រាត ។
ការឃាត់ខ្លួនក្រុមក្មេងស្ទាវ បង្កការអុកឡុកមង្គលការគេនេះ បានកាលពីវេលាម៉ោង ១០ និង ១៥ នាទីព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤ នៅក្នុងភូមិប្រជៀវបាត ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកសំរោងទង បានឱ្យដឹងថា ៖ ការឃាត់ខ្លួនក្រុមក្មេងស្ទាវបង្កការអុកឡុកក្នុងមង្គលការគេនេះ គឺកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ឃុំទំព័រមាស បានធ្វើការឃាត់ខ្លួនមនុស្សចំនួន២ក្រុម ដែលបានធ្វើសកម្មភាពបង្កភាពអុកឡុក ដេញវាយនិងគប់គ្នាទៅវិញទៅមកនៅក្នុងពិធីមង្គលការកូនរបស់ឈ្មោះ ថន ធន អាយុ ៣៨ ឆ្នាំ និងប្រពន្ធ ឈ្មោះ ឆឹង គីន អាយុ ៤៤ ឆ្នាំ រស់នៅភូមិប្រជៀវបាត ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឹ ។ ក្រោយកើតហេតុ ម្ចាស់ដើមការបានដាក់ពាក្យបណ្តឹង ដោយកាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ ក្រុមក្មេងស្ទាវបានវាយតប់គ្នា។
មន្ត្រីនគរបាលបានបន្តថា ៖ ក្រោយពីទទួលបានពាក្យបណ្តឹង ពីម្ចាស់ដើមការ នគរបាលបានសហការស្រាវជ្រាវឃាត់បានក្រុមខាងកូនក្រមុំ នៅ ក្នុងភូមិប្រជៀវបាត ឃុំទំព័រមាស ចំនួន ៣ នាក់ រួមមាន ៖ទី១. ឈ្មោះ ហ៊ុន ពិសិដ្ឋ ភេទ ប្រុស អាយុ ១៨ ឆ្នាំ។ទី២. ឈ្មោះ ឆែម ភារម្យ ភេទ ប្រុស អាយុ ២៤ ឆ្នាំនិងទី៣. ឈ្មោះ មឿង មី ភេទ ប្រុស អាយុ ២៦ ឆ្នាំ ។ចំពោះឈ្មោះ ឈឿន ឧត្តម ហៅ ដំ ភេទ ប្រុស អាយុ ១៨ ឆ្នាំ បានគេចខ្លួន ។
ចំណែកក្រុមខាងកូនកំលោះ ភូមិតាំងកន្ទួត ឃុំទំព័រមាស ចំនួន ៤ នាក់ រួមមាន ៖ទី១. ឈ្មោះ ផា រ៉េត ភេទ ប្រុស អាយុ ២១ ឆ្នាំ។ទី២. ឈ្មោះ ផា ណារ៉ុង ភេទ ប្រុស អាយុ ១៧ ឆ្នាំ។ទី៣. ឈ្មោះ អ៊ុន បាន ភេទ ប្រុស អាយុ ២១ ឆ្នាំ។និងទី ៤. ឈ្មោះ កយ សុភា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ។
ដោយឡែកឈ្មោះ ថុន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិហោងសំណំ ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បានគេចខ្លួន ។
មន្ត្រីនគរបាលបានបន្ថែមថា៖ ពេលធ្វើការសាកសួរ ជនសង្ស័យទាំងអស់ខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដេញវាយគ្នា បង្កភាពអុកឡុក និងដេញវាយគ្នានៅក្នុងរោងការខាងលើពិតប្រាកដមែន ។
បច្ចុប្បន្នក្រុមក្មេងស្ទាវទាំង ៧ នាក់ខាងលើនេះ ជំនាញសហការជាមួយប៉ុស្តិ៍ កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី