ភ្នំពេញ៖ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ដែលដឹកនាំដោយ លោក យិន លាងគង់ ប្រធានសមាគម នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជម្រុញ និងគាំទ្រដល់សមាគម ក្នុងការបង្កើតវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ដែលចង់សរសេរព័ត៌មាន ពាក់ពន្ធ័វិស័យសេដ្ឋកិច្ច ហើយត្រូវបង្កើតមាតិការឿងអោយបានច្រើន ល្អៗទាក់វិស័យសេដ្ឋកិច្ច ដើម្បីទាក់ទាញអ្នកអាន និងទទួលការគាំទ្រច្រើនពីឧបត្តម្ភ ទើបសមាគមអាចដំណើរការទៅបានយូរអង្វែង ហើយចូលរួមផ្សព្វផ្សាយពីវិស័យសេដ្ឋកិច្ចនៅកម្ពុជាបានកាន់តែទូលំទូលាយ។

ឯកឧត្តម នេត្រ ភក្ត្រា បានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួនដល់ សមាគមសហគ្រិនព័ត៌មានសេដ្ឋកិច្ចកម្ពុជា ត្រូវខិតខំកសាងសមាជិកភាពអោយបានច្រើន ហើយត្រូវមានកិច្ចសហការល្អជាមួយបណ្តាសមាគមសារព័ត៌មាននៅកម្ពុជា ទើបទទួលបានការគាំទ្រច្រើនដើម្បីបំពេញតូនាទីបានដោយរលូន ។ ទន្ទឹមនេះ ក៏ត្រូវមានទំនាក់ទំនងជិតស្និតជាមួយអ្នកសារព័ត៌មាន ដែលអាចសរសេរព័ត៌មានទាក់ទងវិស័យសេដ្ឋកិច្ច ហើយក្រសួងព័ត៌មាន ដើរតូនាទីជាអ្នកសម្រប សម្រួលជាមួយ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ។

ឯកឧត្តម រដ្ឋមន្រ្តី បានបង្ហាញការគាំទ្រសកម្មភាពការងារ និងគោលដៅរបស់សមាគម ដែលសរសេរ ផ្សព្វផ្សាយព័ត៌មានទាក់ទងវិស័យសេដ្ឋកិច្ចនៅកម្ពុជា ដោយកិច្ចការងារនេះ អ្វីដែលសំខាន់គឺការរួមសហការគ្នាពី ស្ថាប័ន អង្គភាពសារព័ត៌មាន ដែលជាសមាជិក សមាគម ដើម្បីបំពេញកិច្ចការងារក្នុងបុព្វហេតុតែមួយ ទើបអាចសម្រេចគោលដៅដែលបានគ្រោងទុក ។

ក្នុងឱកាសនោះដែរ លោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បានជម្រាបថា សមាគមនេះ បានទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ កាលពីខែមិនា ឆ្នាំ២០២៤ កន្លងទៅដោយបានធ្វើការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ប្រកបដោយស្តង់ដារវិជ្ជាជីវៈ និងក្រមសីលធម៍ ។

សមាគមនេះបានបង្កើតឡើងដោយមានការចូលរួមពីសារព័ត៌មានក្នុងស្រុកជាង ១០ ស្ថាប័នដែលមានគោលដៅផ្តោតលើព័ត៌មានសេដ្ឋកិច្ច ដើម្បីជម្រុញ និងបង្កើនការផ្សព្វផ្សាយគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការអភិវឌ្ឍន៍ អចលនទ្រព្យទៅកាន់មជ្ឈដ្ឋានជាតិ អន្តរជាតិឲ្យបានដឹងពីកាលានុវត្តន៍ភាពពិតនៅកម្ពុជា។

លោក យិន លាងគង់ បានគូសបញ្ជាក់ថា គោលបំណងសំខាន់របស់សមាគម សហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា គឺចង់រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរុញឲ្យឈានឆ្ពោះទៅកាន់ឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕