Friday, February 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារថ្មីនៃខេត្តត្បូងឃ្មុំ ដោយបង្ហាញពីសុច្ឆន្ទៈ និងការតាំងចិត្តមោះមុតក្នុងការកែទម្រង់ផ្ទៃក្នុង និងត្រូវមានវិធានការដាច់ខាត ចំពោះទូរស័ព្ទដៃ និងគ្រឿងញៀនចូលពន្ធនាគារ

ត្បូងឃ្មុំ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ។ ឯកឧត្តម ជាម ច័ន្ទសោ ភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានផ្តល់កិត្តយសអញ្ជើញជាអធិបតីក្នុងពីធីនេះផងដែរ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ថា “ឯកឧត្តមអភិសន្តិបណ្ឌិត បានដាក់ចេញនូវគោលការណ៍ណែនាំ ពិសេស គឺ ការសម្អាតផ្ទះយើង (គឺ ផ្ទះពន្ធនាគារ) ដែលផ្តោតលើការសម្អាតភាពអសកម្មនានាពាក់ព័ន្ធនឹងមន្ត្រី ដែលខ្ញុំយកឱកាសនេះ ធ្វើការណែនាំ រំលឹកបន្ថែមដល់ប្រធានពន្ធនាគារថ្មី និងទាញចំណាប់អារម្មណ៍ដល់ មន្ត្រីពន្ធនាគារខេត្តត្បូងឃ្មុំទាំងមូល ត្រូវតែបង្ហាញពីសុច្ឆន្ទៈ និងការតាំងចិត្តមោះមុតក្នុងការកែទម្រង់ផ្ទៃក្នុង ទាំងមន្ត្រី និងប្រព័ន្ធការងារ ត្រូវមានភាពម៉ឺងម៉ាត់ក្នុងការសម្អាតភាពអសកម្មក្នុងអង្គភាពរបស់ខ្លួន ត្រូវ មានវិធានការដាច់ខាតចំពោះទូរស័ព្ទដៃ និងគ្រឿងញៀនចូលពន្ធនាគារ ព្រមទាំងមានចំណាត់ការដោយ ម៉ត់ចត់ និងឲ្យទាន់ពេលវេលា។”

ឯកឧត្តម អគ្គនាយក បានផ្តាំផ្ញើរដល់មន្រ្តីក្រោមឱវាទទាំងអស់ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការងាររបស់ខ្លួនម្នាក់ៗ និងបានដាក់ចេញជាគន្លឹះក្នុងការដឹកនាំដូចខាងក្រោម៖ ១. ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តការងារដឹកនាំ គ្រប់គ្រងឱ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ តាមតួនាទី ភារកិច្ច និងតាមការបែងចែកការទទួលខុសត្រូវ។ ត្រូវអនុវត្តការងារតាមឋានានុក្រម ដោយមានការតាមដាន ត្រួតពិនិត្យ តម្រង់ទិសមន្ត្រីក្រោមឱវាទជាប្រចាំ ដើម្បីធានាឱ្យការងារទទួល បានប្រសិទ្ធភាពខ្ពស់។

២. ពង្រឹងការងារសន្តិសុខ សុវត្ថិភាពពន្ធនាគារ ជាពិសេស បង្ការកុំឲ្យជនជាប់ឃុំធ្វើសកម្មភាព រត់គេចខ្លួន បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ឆែកឆេររកវត្ថុហាមឃាត់មិនអោយចូលក្នុងពន្ធនាគារ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព និងបានទៀងទាត់ ការឆែកឆេររខ្លួនប្រាណ តាមបន្ទប់ឃុំឃាំង និងសម្ភារៈដែលគ្រួសារ បងប្អូន ញាត្តិមិត្ត ឬអ្នកមកសួរសុខទុក្ខ ផ្តល់ ឬផ្ញើរឲ្យជនជាប់ឃុំ។

៣. ស្ថិតក្នុងរដូវក្តៅនេះ ត្រូវមានវិធានការបង្ការហានីភ័យផ្សេងៗ យកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ ក្នុងបន្ទប់ឃុំឃាំង និងនៅក្នុងបរិវេណពន្ធនាគារ ត្រូវធានាឲ្យមានរបៀបរៀបរយ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ។ ត្រូវពិនិត្យ និងសម្អាតជាប្រចាំ ទីកន្លែងចំអិនម្ហូបអាហារ ការរក្សាទុកដាក់គ្រឿងសម្ភារៈផ្ទះបាយ និងត្រូវធានាឲ្យម្ហូបអាហារមានគុណភាព និងបរិមាណគ្រប់គ្រាន់។

៤. ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អជានិច្ច និងមានទម្លាប់ធ្វើការងារជាក្រុម ពិសេស ត្រូវរួមគ្នាដោះស្រាយបញ្ហានានា ទោះកិច្ចការតូចក្តីធំក្តី ដោយឈរលើគោលការណ៍ សច្ចៈភាព តម្លាភាព ស្មោះត្រង់ និងការជឿទុកចិត្តគ្នា។

៥. មន្ត្រីពន្ធនាគារគ្រប់រូបគប្បីមាន អាកប្បកិរិយាសុភាពរាបសារ ថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់គោលការណ៍វិជ្ជាជីវៈ ដើរតួនាទីជាអ្នកអប់រំកែប្រែ និងគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ ក្រម សីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារ។ ជៀសវាងរាល់ភាពអសកម្មនានា និងមិនត្រូវយក ឥទ្ធិពល ឬអំណាចនៅក្នុងមុខងាររបស់ខ្លួន ទៅប្រើប្រាស់ចាកពីគោលការណ៍ច្បាប់ ដើម្បីគំរាមកំហែង ឬរំលោភបំពានដល់សិទ្ធិជនជាប់ឃុំ និងជនដទៃឡើយ។

សូមបញ្ជក់ផងដែរថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ តាម វៃ ត្រូវបានចូលកាន់មុខតំណែងជាប្រធានពន្ធនាគារថ្មី នៃខេត្តត្បូងឃ្មុំ ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ កែ ប៊ុនហួរ ដែលត្រូវបានផ្ទេរភារកិច្ចទៅអង្គភាពផ្សេង៕