Friday, February 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានពន្ធដារ  ដាក់ឲ្យប្រើប្រាស់សៀវភៅស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដើម្បីទប់ស្កាត់និងលុបបំបាត់ការគេចវេះពន្ធ ដែលធ្វើឱ្យបាត់បង់ធំធេងនូវការប្រមូលចូលថវិកាជាតិ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសៀវភៅណែនាំ ស្តីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ផ្តល់ជាមធ្យោបាយឱ្យអ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារ ក៏ដូចជាមន្ត្រីពន្ធដារទាំងអស់ បានយល់ដឹងអំពីទិដ្ឋភាពទាំងស្រុង នៃការស៊ើបអង្កេត បទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារ ទទួលបន្ទុកគ្រប់គ្រង និងប្រមូលចំណូលពន្ធផ្ទៃក្នុង ស្របតាមច្បាប់ ស្តីពីសារពើពន្ធ បានរៀបចំសៀវភៅណែនាំ ស្តីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដើម្បីជានិយាមនីតិវិធី ប្រតិបត្តិការងារ សម្រាប់អនុវត្តមុខងារ និងភារកិច្ចរបស់មន្ត្រីពន្ធដារ និងដើម្បីផ្សព្វផ្សាយជូនអ្នកជាប់ពន្ធនិងសាធារណជន ឱ្យបានយល់ ដឹងអំពីបែបបទ និងនីតិវិធីនៃការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ។ សៀវភៅណែនាំ ដែលរៀបចំដោយ អគ្គនាយកដ្ឋានពន្ធដារនេះ បានបរិយាយលម្អិតអំពីមុខងារស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ លើបទប្បញ្ញត្តិស្តីពីពន្ធដារ ដែលជាមុខងារ ដ៏សំខាន់មួយ ក្នុងចំណោមមុខងារចម្បងៗមួយចំនួនទៀត របស់អគ្គនាយកដ្ឋានពន្ធដារ។

ជាមួយគ្នានោះដែរ រដ្ឋបាលសារពើពន្ធនានាក្នុងតំបន់ និងពិភពលោក មានមុខងារស៊ើបអង្កេតបទល្មើសពន្ធដារ ដែលមានតួនាទី ស៊ើបអង្កេត និងស្រាវជ្រាវឱ្យឃើញ នូវរាល់បទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ និងឈានទៅដល់ការចាត់វិធានការ តាមផ្លូវតុលាការ ដើម្បីទប់ស្កាត់និងលុបបំបាត់ការគេចវេះពន្ធ និងអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ ដែលធ្វើឱ្យបាត់បង់ ធំធេងនូវចំណូលពន្ធដារដែលត្រូវប្រមូលចូលថវិកាជាតិ។

សូមបញ្ជាក់ថា សៀវភៅណែនាំនេះ និងផ្ដល់ជាមធ្យោបាយឱ្យអ្នកជាប់ពន្ធ សាធារណជន ក៏ដូចជាមន្ត្រីពន្ធដារទាំងអស់ បានយល់ជ្រួតជ្រាប ប្រកបដោយតម្លាភាពខ្ពស់ អំពីទិដ្ឋភាពទាំងស្រុងនៃមុខងារស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ លើបទប្បញ្ញត្តិស្តីពីពន្ធដារ ព្រមទាំងបែប បទ និងនីតិវិធីនៃការអនុវត្តមុខងារនេះ ដើម្បីជាប្រយោជន៍ជាតិទាំងមូល ដោយសម្រេចបាននូវអនុលោមភាពសារពើពន្ធ ស្របតាម ច្បាប់ស្តីពីសារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា៕