លោក MARN Ki-jeong បានលើកឡើងគោរពជម្រាបជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អំពីវឌ្ឍភាពរបស់វេទិកាសម្ព័ន្ធឧស្សាហ៍កម្ម ដោយបានបញ្ជាក់ថា វេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានក្រុមហ៊ុនប្រមាណជា៤០ បាននិងកំពុងវិនិយោគលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ហើយក៏នឹងមានក្រុមហ៊ុនមួយចំនួនបន្ថែមទៀតមានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជាផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក MARN Ki-jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF)ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

លោក ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ ក៏បានជម្រាបជូនសម្ដេចធិបតីថា វេទិកាសម្ព័ន្ធឧស្សាហកម្ម គ្រោងនឹងរៀបចំវេទិកាធុរកិច្ចកូរ៉េ-កម្ពុជា នៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ដោយនឹងមានការចូលរួមពីវិនិយោគិនកូរ៉េលើវិស័យជាច្រើន ហើយវេទិកានេះ នឹងជាឱកាសសម្រាប់ការស្វែងឱកាសពង្រីកការវិនិយោគ និងធ្វើកិច្ចសហការជាមួយដៃគូវិនិយោគនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី បានបង្ហាញនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់បណ្ដាក្រុមហ៊ុនផ្សេងទៀតនៃសម្ព័ន្ធឧស្សាហកម្មដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី ក៏បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិគាំទ្រដល់ការវិនិយោគ តាមរយៈការធានានូវបរិយាកាសវិនិយោគ ដែលមានភាពប្រកួតប្រជែង ដូចជាការដាក់ឱ្យអនុវត្តច្បាប់ថ្មីស្ដីពីវិនិយោគ ដែលផ្ដល់នូវការលើកទឹកចិត្តបន្ថែមទៀតដល់ការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ដោយផ្ដោតលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះចំនួន១,៥លាននាក់ ដើម្បីបំពេញ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។

សម្ដេចធិបតីបានសម្តែងនូវការស្វាគមន៍ចំពោះការរៀបចំវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ នៅរាជធានី ភ្នំពេញក្នុងខែវិច្ឆិកាខាងមុខនេះ និងបានលើកទឹកចិត្តឱ្យវេទិកាសម្ព័ន្ធឧស្សាហកម្ម បន្តសហការជាមួយស្ថានទូតកម្ពុជាប្រចាំនៅសាធារដ្ឋកូរ៉េ និងក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីរៀបចំវេទិកានេះឱ្យទទួលបានជោគជ័យ ៕