ភ្នំពេញ៖ នៅពេលឆាប់ៗខាងមុខនេះ ដើម្បីចាប់យកឱកាសបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មី ស្របតាមការផ្លាស់ប្តូរបរិយាកាសសេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា នឹងដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍យានយន្តអគ្គិសនីឆ្នាំ ២០២៤-២០៣០ នាពេល ។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងខែធ្នូ ឆ្នាំ២០២៣ កម្ពុជាមានរថយន្តអគ្គិសនី (EVs) ត្រឹមតែ ១៤៨៩ គ្រឿងប៉ុណ្ណោះនៅលើដងផ្លូវ។ ប៉ុន្តែក្រសួងរំពឹងថា កម្ពុជានឹងមានរថយន្តកង់បីអគ្គិសនីជាងមួយលានគ្រឿងនៅចន្លោះឆ្នាំ ២០៣០ ដល់ ២០៤០ និងរថយន្តអគ្គិសនីប្រមាណ ១០ ម៉ឺនគ្រឿងនៅចន្លោះឆ្នាំ ២០៣៥ និង ២០៤២។

ការប្រើប្រាស់អគ្គិសនីដោយរថយន្តអគ្គិសនី នឹងមានចន្លោះពី ០,៧% ទៅ ២,៨% នៃការប្រើប្រាស់សរុបនៅឆ្នាំ២០៤០ ដែលពាក់កណ្តាលនៃការរំពឹងទុកថាជារថយន្តអគ្គិសនី។ តាមការសន្និដ្ឋានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជាអាចត្រូវការស្ថានីយ៍សាកថ្មចន្លោះពី ៩.៩០០ ទៅ ៣៣.៨០០ កន្លែងនៅឆ្នាំ២០៥០ ហើយនឹងត្រូវការការវិនិយោគចន្លោះពី១៦៨ លានដុល្លារ ទៅ ៥៧៦លានដុល្លារ។

រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំយុទ្ធសាស្ត្រថ្មីៗ ដើម្បីទាក់ទាញការវិនិយោគពីបរទេសក្នុងវិស័យយាន្តយន្តអគ្គិសនី ដែលអាចបង្កើនល្បឿននៃការប្រែក្លាយកម្ពុជា ពីប្រទេសកសិកម្មទៅជាប្រទេសដែលផ្អែកលើឧស្សាហកម្ម។ ដើម្បីលើកកម្ពស់វិស័យយាន្តយន្តអគ្គិសនៅកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តអ្នកវិនិយោគ និងពាណិជ្ជករឱ្យវិនិយោគលើរោងចក្រផលិតរថយន្ត ដោយទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ដែលកម្ពុជាមានជាមួយដៃគូជាច្រើន និងពន្ធអនុគ្រោះដែលទទួលបានពីប្រទេសអភិវឌ្ឍន៍។

គោលនយោបាយយានយន្តអគ្គិសនីជាតិដែលមានសក្តានុពលកំពុងដំណើរការ។ ប៉ុន្តែការវិនិយោគទាន់ពេលវេលា និងគោលនយោបាយជាក់ស្តែងគឺត្រូវការជាបន្ទាន់ដើម្បីកាត់បន្ថយការកើនឡើងនៃរថយន្តប្រើសាំង ជាពិសេសការនាំចូលរថយន្យប្រើសាំងជជុះ ក្នុងរយៈពេលខ្លី និងមធ្យម។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជាបានចុះបញ្ជីរថយន្តអគ្គិសនីថ្មីចំនួន៦០៤ គ្រឿងក្នុងឆ្នាំ២០២៣ បន្ថែមពីលើស្ថានីយ៍សាកថ្មចំនួន១៨ទីតាំង ដែលមាននៅទូទាំងប្រទេសកម្ពុជា។ នេះជាសញ្ញាល្អ ខណៈដែលកម្ពុជាបានចុះបញ្ជីរថយន្តអគ្គិសនីតែ ៥ គ្រឿងប៉ុណ្ណោះក្នុងឆ្នាំ ២០២០ ហើយចំនួនការចុះបញ្ជីយានយន្តអគ្គិសនីថ្មីមានតែ ៦៣ គ្រឿងប៉ុណ្ណោះក្នុងឆ្នាំ ២០២១។
ប្រទេសចិនបានក្លាយជាអ្នកផលិតយានយន្តអគ្គិសនីឈានមុខគេ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជាមានរថយន្តប្រមាណ ៨៤៥,៦២៦គ្រឿង និងម៉ូតូ ៦,៤២លានគ្រឿង៕