ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងកាលពីថ្ងៃទី៧ ខែសីហា នៅក្នុងទីក្រុង Jinhua ខេត្ត Zhejiang ប្រទេសចិន បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ិនធើរណែតស្លុតរន្ធត់យ៉ាងខ្លាំង ខណៈបានឃើញស្ត្រីម្នាក់ត្រូវធ្លាក់ពីម៉ូតូ និងរមៀលក្បាលចូលពេញមួយកង់រថយន្តស៊ីម៉ង់ត៍១គ្រឿង បន្ទាប់ពីត្រូវបានបង្កឡើងដោយបុរសម្នាក់ ដែលបើកទ្វាររថយន្តពុំយកចិត្តទុកដាក់ចំពោះសុវត្ថិភាពអ្នកដទៃ ។
តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញបុរសម្នាក់បានដើរចូលក្នុងរថយន្តរបស់គាត់ ដែលចតអែមនឹងចិញ្ចើមផ្លូវខាងស្តាំ ។ ប៉ុន្មានវិនាទីក្រោយមក ខណៈពេលដែលស្ត្រីម្នាក់ជិះម៉ូតូ ស្របជាមួយរថយន្តស៊ីម៉ងតិ៍១គ្រឿង ចូលមកដល់ ស្រាប់តែបុរសនោះបើកទ្វាររថយន្តមិនប្រយ័ត្ន ជាហេតុធ្វើឲ្យស្ត្រីអ្នកជិះម៉ូតូប៉ះទង្គិចនឹងទ្វាររថយន្ត បណ្តាលឲ្យធ្លាក់ពីម៉ូតូរមៀល និងចូលក្បាលក្រោមកង់រថយន្តស៊ីម៉ងតិ៍ទាំងកម្រោលតែម្តង ។ មូកសុវត្ថិភាពរបស់នាងអាចត្រូវបានឃើញបែកខ្ទេចខ្ទី ខណៈនាងដេកស្តូកស្តឹងដែលត្រូវបានគេសន្មត់ថានាងពុំនៅមានជីវិតឡើយ ។
ទោះយ៉ាងណា បន្ទាប់ពីត្រូវបានត្រួតពិនិត្យដោយគ្រូពេទ្យ ស្បែកក្បាលរបស់ស្ត្រីរងគ្រោះបានជាំ និងដាច់រហែក ប៉ុន្តែ ពុំមានបញ្ហាសម្រាប់លលាដ៏ក្បាលទេ ។ នាងបាននិយាយថា អរគុណដល់មួកសុវត្ថិភាពរបស់នាងដែលបានជួយការពារអាយុជីវិតរបស់នាង នៅក្នុងហេតុការណ៍ដែលគ្រប់គ្នាពុំនឹកស្មានថានៅមានជីវិតមួយនេះ ៕ ចន្ទី (Liveleak)