Monday, February 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រឆាំងដាច់ខាត មិនឱ្យរបបប្រល័យពូជសាសន៍ប៉ុលពត វិលត្រឡប់មកជាលើកទី២ទៀតទេ

ខេត្តកំពង់ចាម: តាមរយៈការសម្ដែងក្រុមសិល្បៈនៃមន្ទីរវប្បធម៌ខេត្ត ដោយយករឿងក្នុងរបបខ្មែរក្រហមមកសម្ដែងនៅក្នុងទិវាជាតិនៃការចងចាំ២០ឧសភាឆ្នាំ២០២៤ ធ្វើឡើងនៅបរិវេណវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ស្ថិតនៅភូមិត្រពាំងចា ឃុំក្រឡា ស្រុកកំពង់សៀម។
តាមរយៈសាច់រឿងកំសត់ទុក្ខសោកវេទនាគ្មានអាហារទទួលទានធ្វើឲ្យអ្នកចូលរួមមួយចំនួនបានបង្ហូរទឹកភ្នែកដោយមិនដឹងខ្លួន។ជាមួយនោះទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគឺដាច់ខាតមិនឲ្យរបបខ្មៅងងឹតនេះត្រឡប់មកវិញឡើយ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍គូសបញ្ជាក់ថា:
ទិវាជាតិនៃការចងចាំថ្ងៃទី២០ឧសភាគឺជាការរំលឹកដល់ប្រវត្តិសាស្ត្រដល់ឈឺចាប់ ដែលមាតុភូមិនិងប្រជាជនយើងធ្លាប់បានឆ្លងកាត់ក្នុងរបបមួយដ៏សែនឃោរឃៅ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាក៏ដូចប្រវត្តិសាស្ត្រសកលលោក។គួររំលឹកថាបន្ទាប់ពីពួកប៉ុល ពត បានឡើងកាន់អំណាចនៅកម្ពុជាក្នុងអំឡុងថ្ងៃទី ១៧មេសាឆ្នាំ១៩៧៥ជិតមួយខែក្រោយមកគឺនៅថ្ងៃទី២០ឧសភាឆ្នាំ ១៩៧៥ ពួកប៉ុល ពត បានប្រកាសចេញជាចំហរនៅគោលការណ៍ដោយតម្រូវឲ្យជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងនានាការលុបចោលទីផ្សារទាំងអស់ក្នុងប្រទេស ការបំបាត់រូបិយវត្ថុទាំងអស់នៃរបបចាស់។ការផ្សឹកព្រះសង្ឃទាំងអស់ការបង្កើតផ្ទះបាយរួមទូទាំងប្រទេសការបណ្តេញជនជាតិវៀតណាម ការបិទមន្ទីរពេទ្យទាំងអស់ក្នុងប្រទេស
សាលាតាំងពីបឋមរហូតដល់មហាវិទ្យាល័យគឺត្រូវបានកំចាត់ចោលទាំងស្រុង។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រជាជនយើងនៅគ្រប់ទិសទីបានក្រោកឈរឡើងប្រយុទ្ធតស៊ូផ្ដួលរលំរបបដោយចូលក្នុងនេះរហូតទទួលបានជ័យជំនះនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឲ្យបានរស់រានឡើងវិញទាន់ពេលវេលា។ដើម្បីរំលឹកទុកជាការចងចាំនិងការប្ដេជ្ញាចិត្តមិនឲ្យប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះវិលសារជាថ្មីមកវិញបាននោះនៅថ្ងៃទី១៨ខែសីហា ឆ្នាំ ១៩៨៣ រដ្ឋសភាអាណត្តិទី១ នៃអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងសម័យប្រជុំលើកទី៥ បានអនុម័តកំណត់យកថ្ងៃទី២០ឧសភា ជារៀងរាល់ឆ្នាំជាទិវារំលឹកវិញ្ញាណក្ខន្ធប្រជាជនកម្ពុជា ដែលត្រូវបានបាត់បង់ជីវិតក្រោមរបបប្រល័យពូជសាសន៍ប៉ុល ពត និងក្រោយមកប្ដូរទៅជាទិវារំលឹកវិញ្ញាណក្ខន្ធរហូតដល់ថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១៤អនក្រ.បក កំណត់យកថ្ងៃ២០ ខែឧសភាជា”ទិវានៃការចងចាំ”។

អ្នកស្រីជូ គឹមឈន់ អាយុ៥៦ឆ្នាំ នៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀមដែលចូលរួមកម្មវិធីនេះ បានលើកឡើងទាំងទឹកភ្នែកថា: ពេលឈរមើលល្ខោនដែលសំដែងដោយមន្ទីរវប្បធម៌ខេត្តគឺត្រូវនឹងសាច់រឿងរបស់គាត់ ដែលនៅក្នុងគ្រានោះគឺគេប្រើឱ្យលើកអាចម៍គោក្នុងវ័យអាយុមិនដល់១០ឆ្នាំផង។ហើយបងប្អូនប្រុសស្រី៧នាក់ ត្រូវបានគេយកទៅសម្លាប់ចោលអស់ចំនួន៥នាក់។សព្វថ្ងៃនៅសល់តែស្រីៗពីរនាក់គាត់ជាកូនពៅគេ។ ហើយពេលដែលមានកម្មវិធីទិវាជាតិនៃការចងចាំ ២០ឧសភា គឺគាត់តែងតែយកបាយសម្លមកដើម្បីប្រគេនព្រះសង្ឃឧទ្ទិសដល់បងៗ ដែលស្លាប់ក្នុងរបបខ្មែរក្រហម ឲ្យទៅចាប់កំណើតនិងសុំសេចក្តីសុខក្នុងគ្រួសារ៕ រក្សាសិទ្ធដោយ ៖ (ភ្នំប្រុសភ្នំស្រី)

×