Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិនៃកម្ពុជា ក្រើនរំលឹកបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្តល់កម្ចីដល់វិស័យអចលនទ្រព្យ

ភ្នំពេញ៖ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកសាជាថ្មីម្តងទៀត ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យ ដែលកំពុងស្ថិតក្នុងស្ថានភាពមិនទាន់ល្អនៅឡើយ ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «របាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នាំ ២០២៣» នៅថ្ងៃទី ២០ខែឧសភា ឆ្នាំ ២០២៤ លោកជំទាវ ជា សិរី បានថ្លែងថា៖ «យើងត្រូវតែបន្តមានភាពប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ហើយសន្ទស្សន៍ថ្លៃលំនៅឋាននៅក្នុងឆមាសទី២ ឆ្នាំ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរនៃវិនិយោគផ្ទាល់ពីបរទេសមកកាន់វិស័យនេះ»។ ​

លោកជំទាវ បានបន្តថា ក្នុងស្ថានភាពនេះ ដើម្បីគ្រប់គ្រងហានិភ័យនៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងចៀសវាង និងកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុមកលើស្ថិរភាពហិរញ្ញវត្ថុ អាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងត្រូវបន្តចូលរួមតាមដាន និងត្រួតពិនិត្យដោយហ្មត់ចត់ពីហានិភ័យក្នុងវិស័យ និងហានិភ័យប្រទាក់ក្រឡានៃវិស័យអចលនទ្រព្យ។

ធនាគារជាតិនៃកម្ពុជា បានព្យាករថា នៅឆ្នាំ ២០២៤នេះ វិស័យសំណង់ និងអចលនទ្រព្យ នៅកម្ពុជា នឹងបន្តមានកំណើនទាប ខណៈតម្រូវការលំនៅឋានប្រណិត នឹងបន្តមានភាពទន់ខ្សោយ។

របាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ ២០២៣ និងទស្សនវិស័យឆ្នាំ ២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា វិស័យសំណង់ និងអចលនទ្រព្យ ដែលបានទទួលរងឥទ្ធិពលពីវិបត្តិកន្លងមក ត្រូវបានព្យាករថា នឹងបន្តមានកំណើនទាប ដែលនឹងបន្តទទួលបានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំនឹងការងើបឡើងវិញសន្សឹមៗនៃតម្រូវការក្នុងស្រុក ដែលផ្តោតលើលំនៅឋានដែលមានតម្លៃសមរម្យ ក្នុងពេលដែលតម្រូវការសំណង់ប្រណិតដែលបម្រើដល់អនិវាសនជន ត្រូវបានរំពឹងថា នឹងបន្តមានភាពទន់ខ្សោយ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការផ្តល់ឥណទានរបស់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២៣ កើនដល់ ៥៩,៣១ពាន់លានដុល្លារ កើនឡើង ៤,៨% បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ ២០២២។ នេះគឺជាអត្រាកំណើនឥណទានទាបបំផុត ក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយ។

ការបែងចែកប្រាក់កម្ចីតាមវិស័យរួមមាន៖ ការផ្តល់កម្ចីទៅវិស័យអចលនទ្រព្យមានអត្រាកំណើននាំមុខគេ ១៦,៩% បន្ទាប់មកវិស័យសំណង់ ១៣,៩%, ការទិញលំនៅឋាន ៦,៤%, ការលក់ដុំ កើនឡើង ៤,៨% និងសណ្ឋាគារ និងភោជនីយដ្ឋាន បានកើនឡើង ០,៦%។

របាយការណ៍ធនាគារជាតិនៃកម្ពុជា បានសង្កត់ធ្ងន់ថា៖ «ការកើនឡើងនៃឥណទានមិនដំណើរការ អាចបន្ថយកំណើនឥណទានសម្រាប់ការប្រើប្រាស់ និងការវិនិយោគ និងកំណើននៃវិស័យសំណង់ និងអចលនទ្រព្យ អាចបន្តមានកម្រិតទាប និងអាចមានឥទ្ធិពលបន្តលើវិស័យផ្សេងទៀត ដូចជាវិស័យធនាគារ ជាដើម»៕

×