Friday, February 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ទទួលបានលំហូរទុនវិនិយោគផ្ទាល់ពីបរទេស FDI ជាង ១,២ពាន់លានដុល្លារ

ភ្នំពេញ៖ បើយោងតាមទិន្នន័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៤​នេះ ប្រទេសកម្ពុជា ទទួលបានលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) មានទំហំទឹកប្រាក់សរុប ១.២៣១លានដុល្លារអាម៉េរិក នាំមុខភាគច្រើនដោយប្រភពទុនវិនិយោគពីប្រទេសចិន។

ប្រភពទុនវិនិយោគផ្ទាល់ពីបរទេសសំខាន់ៗ គឺមកពីប្រទេសចិន មានប្រមាណ ១.០៨២លានដុល្លារអាម៉េរិក (៨៧,៨៩%), សិង្ហបុរី ៧០លានដុល្លារអាម៉េរិក (៥,៦៨%), វៀតណាម ៤៩លានដុល្លារអាម៉េរិក (៣,៩៨%), កូរ៉េខាងត្បូង ១១លានដុល្លារអាម៉េរិក (០,៨៩%), សហរដ្ឋអាមេរិក ១០លានដុល្លារអាម៉េរិក (០,៨១%), ម៉ាឡេស៊ី ៦លានដុល្លារអាម៉េរិក (០,៤៨%) និងឥណ្ឌា ៣លានដុល្លារអាម៉េរិក (០,២៤%)។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងអំពីកំណើនវិនិយោគដ៏គួរឲ្យភ្ញាក់ផ្អើលនៅកម្ពុជា ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ ដែលថ្លែងក្នុងពិធីបើក «ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ ២០២៤» កាលពីសប្តាហ៍មុននេះ ដោយក្នុងនោះ លំហូរទុនវិនិយោគផ្ទាល់ពីបរទេសជាង ៩០ភាគរយ បានផ្តោតលើគម្រោងវិនិយោគផ្នែកកម្មន្តសាល ដែលខុសគ្នាកាលពីអំឡុងមុនវិបត្តិកូវីដ១៩ គឺភាគច្រើនផ្តោតលើវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ។

ជាការកត់សម្គាល់ ប្រភពទុនវិនិយោគក្នុងស្រុកគ្រប់ដណ្តប់ប្រមាណ ៥១% និងការវិនិយោគផ្ទាល់ពីបរទេស មានប្រមាណ ៤៩%។ យ៉ាងណាមិញជាង ៩០ភាគរយនៃគម្រោងវិយោគសរុប គឺបានផ្តោតទៅលើវិស័យឧស្សាហកម្ម ដែលមានទឹកប្រាក់សរុប ១.១៧០លានដុល្លារអាម៉េរិក ខណៈដែលគម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមានទុនចំនួន ៦៨៧លានដុល្លារអាម៉េរិក, គម្រោងវិនិយោគលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម មានទុនចំនួន ៦៦,៦១លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគលើវិស័យទេសចរណ៍ មានទុនចំនួន ៥៨៨,៩លានដុល្លារអាម៉េរិក។

សូមជម្រាបថា ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័ត​លើ​គម្រោងវិនិយោគ ចំនួន ១២៨គម្រោង ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ២.៥១៣លានដុល្លារអាមេរុក កើនឡើង ៩៧% និង ៣២៧% រៀងគ្នា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕