ភ្នំពេញ៖ ប្រទេសកម្ពុជា កំពុងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពឈានទៅសម្រេចមហិច្ឆតាប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ដោយកំពុងផ្លាស់ប្តូរជន្ទុលសេដ្ឋកិច្ចថ្មី ដែលពឹងផ្អែកទៅលើឧស្សាហកម្មមិនមែនកាត់ដេរ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានពន្យល់ថា នេះគឺជាក្តីសង្ឈឹមនៃជន្ទុលសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលនឹងមានភាពធន់កាន់តែរឹងមាំរយៈពេលវែង ដោយសារការវិនិយោគភាគច្រើនគឺនៅក្នុងសកម្មភាពកម្មន្តសាលមិនមែនកាត់ដេរ ដូចជា រោងចក្រផលិតសម្ភារៈអេឡិចត្រូនិក ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ និងរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពគួរជាទីមោទននៃការកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ដោយសារការកើនឡើងនៃសកម្មភាពដែលមានតម្លៃបន្ថែមកាន់តែខ្ពស់។

កាលពីពេលថ្មីៗនេះឯកឧត្តម វង្សី វិស្សុត បានឲ្យដឹងថា លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកកម្ពុជា ក្នុងរយៈពេល ៤ខែដំបូងឆ្នាំនេះ មានប្រមាណជាង ៩០ភាគរយ ដែលបានផ្តោតលើគម្រោងវិនិយោគផ្នែកកម្មន្តសាល ខុសគ្នាកាលពីអំឡុងមុនវិបត្តិកូវីដ១៩ គឺភាគច្រើនផ្តោតលើវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ។

គួរបញ្ជាក់ថា ប្រភពវិនិយោគផ្ទាល់ពីបរទេស(FDI) មាន ៤១% ខណៈវិនិយោគក្នុងស្រុកគ្រប់ដណ្តប់ប្រមាណ ៥១% ហើយប្រភពទុនពីប្រទេសភាគច្រើនលើសលុប ត្រូវបានវិនិយោគដោយប្រទេសចិន តាមពីក្រោយដោយសិង្ហបុរី, វៀតណាម, កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក, ម៉ាឡេស៊ី និងឥណ្ឌា ហើយក្នុងរយៈពេល ៤ខែដំបូង ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តលើគម្រោងវិនិយោគ ចំនួន ១២៨គម្រោង ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ២.៥១៣លានដុល្លារអាមេរិក កើនឡើង ៩៧% ក្នុងគម្រោង និងកើនឡើង៣២៧% នៅក្នុងទំហំទឹកប្រាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕