Friday, February 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញអចលនទ្រព្យ៖ ការវិនិយោគវិស័យសំណង់ និងអចលនទ្រព្យនៅមានកំណើនទាប មិនទាន់ដូចមុននៅឡើយទេ

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យនៅកម្ពុជា បានលើកឡើងទស្សនស្រដៀងគ្នាថា ការវិនិយោគវិស័យអចលនទ្រព្យ នៅមានកំណើនទាបនៅឡើយ ពោលគឺមិនទាន់ដូចមុន គ្រាដែលពិភពលោក និងកម្ពុជាជួបវិបត្តិកូវីដ​១៩នោះទេ ប៉ុន្តែបើធៀបនឹងឆ្នាំ២០២១- ឆ្នាំ២០២២ និងឆ្នាំ២០២៣ នៅក្នុងឆ្នាំ២០២៤នេះ គឺមានភាពប្រសើរបន្តិច។

អ្នកជំនាញ បានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២៤នេះ គឺជាពេលវេលាដែលត្រូវស្វែងរកអ្នកទិញអចលនទ្រព្យ ដូចជា ខុនដូ អាផាតមិន ផ្សារទំនើបជាដើម ពីព្រោះថាវិស័យសំណង់ និងអចលនទ្រព្យប៉ុន្មានឆ្នាំចុងក្រោយ ពោល​គឺមុនពេលមានវិបត្តិ គឺបានផ្គត់ផ្គង់លើសតម្រូវការ ដូច្នេះ ក្នុងឆ្នាំនេះ ទាមទារស្វែងរកអ្នកមានតម្រូវការ ជាជាងអ្នកផ្គត់ផ្គង់។ បើតាមអ្នកជំនាញ វិស័យនេះត្រូវការរយៈពេល២ ទៅ៣ឆ្នាំទៀត ទើបអាចមានស្ថានភាពវិលទៅរកស្ថានភាពដូចមុនកូវីដ១៩វិញបាន។

នៅក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំស្តីអំពីការអនុវត្តច្បាប់ពន្ធដារ និងបញ្ហាប្រឈមលើវិស័យសំ ណង់នៅកម្ពុជា កាលពីរសៀលថ្ងៃទី ២០ខែឧសភា ឆ្នាំ២០២៤​ អ្នកឧកញ៉ា លី ហួរ សេដ្ឋីនៃបុរីវិមានភ្នំពេញ បានឲ្យដឹងថា ចលនានៃការទិញលក់អចលនទ្រព្យ ដីធ្លី និងលំនៅឋាន នាពេលនេះ បានបង្ហាញពីសញ្ញានៃការងើបឡើងវិញបន្តិចម្តងៗហើយ បន្ទាប់ពីវិស័យនេះ បានធ្លាក់ក្នុងវិបត្តិជាសកល ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ១៩មក។

បើយោងតាមទស្សនវិស័យ និងទិសដៅការងារឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានព្យាករថា  វិស័យសំណង់ និងអចលនទ្រព្យ ដែលបានទទួលរងឥទ្ធិពលពីវិបត្តិកន្លងមក ត្រូវបានព្យាករថា នឹងបន្តមានកំណើនទាប ដែលគាំទ្រដោយការបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំនឹងការងើបឡើងវិញដោយសន្សឹមៗនៃតម្រូវការក្នុងស្រុក ដែលផ្ដោតលើលំនៅឋានតម្លៃសមរម្យ ។

ធនាគារជាតិ បានបង្ហាញទៀតថា តម្រូវការសំណង់ប្រណីតដែលបម្រើដល់អនិវាសនជន ក៏ត្រូវបានរំពឹងថា នឹងបន្តមានភាពទន់ខ្សោយ។ ការងើបឡើងទន់ខ្សោយនៃវិស័យសំណង់ និងការថយចុះតម្រូវការក្នុងវិស័យអចលនទ្រព្យ ជាផ្នែកមួយនៃការប្រឈមនៃសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២៤នេះ។

របាយការណ៍ធនាគារជាតិនៃកម្ពុជា ក៏បានឱ្យដឹងផងដែរថា កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចប្រទេសជាដៃគូសេដ្ឋកិច្ចចម្បងៗរបស់ម្ពុជា ដូចជាប្រទេសចិន អាមេរិក និងអឺរ៉ុប អាចប៉ះពាល់ដល់ការវិនិយោគតម្រូវការសម្រាប់នាំចេញវិស័យ​ទេសចរណ៍ សំណង់ និងអចលនទ្រព្យ ស្របនឹងកម្ពុជា នៅតែបន្តពឹងលើការវិនិយោគពីវិនិយោគិនក្រៅប្រទេស។

ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ចំពោះវិស័យអចលនទ្រព្យ ជូនអតិថិជនដែលជួបប្រទះនឹងការលំបាកផ្នែកហិរញ្ញវត្ថុបណ្ដោះអាសន្ន ដោយត្រូវគោរពតាមបទប្បញ្ញត្តិ ដែលមានជាធរមាន។ ធនាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពិនិត្យឲ្យបានច្បាស់លាស់ក្នុងការផ្តល់​កម្ចីអចលនទ្រព្យនៅឆ្នាំ២០២៤នេះ។

អ្នកជំនាញអចលនទ្រព្យ បានគាំទ្រទៅលើរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយថា ឆ្នាំនេះ វិស័យអចលនទ្រព្យនិងសំណង់ នឹងមានកំណើនទាបដដែល ដោយមិនទាន់អាចកើនឡើងខ្ពស់បាននោះទេ ដោយវិស័យនេះ ត្រូវការរយៈពេល ២ទៅ ៣ឆ្នាំទៀត ទើបអាចប្រសើរឡើងបន្តិចបន្ទួច៕