ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន បានបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា ដែលធ្វើឲ្យការនាំចូលរថយន្តបានធ្លាក់ចុះនៃទំហំទឹកប្រាក់។ ការនាំចូលរថយន្តមកកម្ពុជា កំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង នៅឆ្នាំ២០២៤នេះ ដោយតម្លៃនាំចូល បានធ្លាក់ចុះក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រោងចក្រទាំងនេះ ត្រូវបានគេរំពឹងថា នឹងផលិតរថយន្តជាច្រើនសម្រាប់ទីផ្សារក្នុងស្រុក ដោយកាត់បន្ថយការពឹងផ្អែកលើរថយន្តដែលនាំចូលនាពេលបច្ចុប្បន្ន។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា ទំហំទឹកប្រាក់នៃយានយន្ត ដែលបាននាំចូលពីខែមករាដល់ខែមេសា ឆ្នាំ២០២៤នេះ មានចំនួន ៤៩៦ លានដុល្លារ ធ្លាក់ចុះ ១២,៨ ភាគរយ បើធៀបនឹង ៥៦៨លានដុល្លារ ដែល ក្នុងរយៈពេល៤ ខែដំបូង នៃឆ្នាំ២០២៣។

នាយកប្រតិបត្តិនៃសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាលោក សឿន ដារ៉ា បានប្រាប់បណ្តាញសារព័ត៌មានថា ដោយសារនិន្នាការនៃការប្រើប្រាស់យានជំនិះថ្មីកើនឡើង គួបផ្សំនឹងរោងចក្រដំឡើងរថយន្តដែលកំពុងដំណើរការនៅក្នុងប្រទេស វានឹងនាំឱ្យវិស័យផលិតយានយន្តកាន់តែមានភាពរស់រវើក និងពេញលេញនៅក្នុងប្រទេសកម្ពុជា”។

បើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បច្ចុប្បន្ន កម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន៦ ក្នុងនោះមានរោងចក្រចំនួន ៤ បានដំណើរការរួចហើយ និងពីរផ្សេងទៀតកំពុងរៀបចំដំណើរការ។

ក្នុងខែឧសភា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Company Limited ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Toyota Tsusho របស់ជប៉ុន និងក្រុមហ៊ុន Kong Noun Group របស់កម្ពុជា បានចាប់ផ្តើមដំណើរការជាផ្លូវការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Royal Group ភ្នំពេញ។ ហើយរោងចក្រចំនួន៥ ផ្សេងទៀត បានដំណើរការ រួមមាន៖ ក្រុមហ៊ុន Samyung នៅខេត្តស្វាយរៀង ក្រុមហ៊ុន Ford នៅខេត្តពោធិ៍សាត់ ក្រុមហ៊ុន Hyundai នៅខេត្តកោះកុង ក្រុមហ៊ុន Kia នៅខេត្តបន្ទាយមានជ័យ និងក្រុមហ៊ុន GTV Motor នៅខេត្តកណ្តាល ដោយបានតំឡើងរថយន្តលក់នៅលើទីផ្សារកម្ពុជារួចហើយដែរ៕