ភ្នំពេញ៖ ផលិតផលដែលស្នាដៃច្នៃប្រឌិតរបស់កូនខ្មែរទទួលបានការគាំទ្រពីភ្ញៀវបរទេស ខណៈអ្នកទេសចរជាតិ ហាក់មើលរំលង។ ជាក់ស្តែងផ្សារផលិតផលកម្ពុជា ដែលជាទីតាំងប្រមូលផ្តុំដោយផលិតផលស្នាដៃកូនខ្មែរនៅកណ្តាលក្រុងសៀមរាប កំពុងទទួលបានការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទេសចរជាជនបរទេស។

ផ្សារផលិតផលកម្ពុជា មានការតាំងលក់នូវផលិតផលកែច្នៃជាច្រើនដូចជា គ្រឿងអលង្កាច្នៃចេញពីសំបកគ្រាប់កាំភ្លើង គ្រឿងអលង្ការច្នៃចេញពីថ្មភក់ ច្នៃចេញគ្រាប់ធញ្ញជាតិ និងវត្ថុសិល្បៈរបស់ខ្មែរយើងជាច្រើនមុខរាប់មិនអស់។ ការដាក់តាំងបង្ហាញផលិតផលស្នាដៃកូនខ្មែរនេះ មានទីតាំងស្ថិតនៅខាងក្រោយមន្ទីរប្រៃសណីយ៍ តាមបណ្តោយផ្លូវឧកញ៉ា អ៊ុំឃុន។

បើទោះបីជាមានការដាក់បង្ហាញយ៉ាងនេះក្តី ក៏ផ្សារដែលប្រមូលផ្តុំទៅដោយផលិតផលច្នៃប្រឌិតផ្សេងៗ ដែលបង្កើតឡើងដោយកូនខ្មែរនេះ ហាក់បីដូចជាអ្នកទេសចរក្នុងស្រុក មើលរំលងខណៈទេសចរណ៍បរទេសមានការគាំទ្រជាខ្លាំង។ អាជីវករក្នុងផ្សារលើកឡើងថា អាចមកពីបងប្អូនខ្មែរយើងមិនទទួលបានព័ត៌មាន ឬមិនចាប់អារម្មណ៍។

ផ្សារផលិតផលកម្ពុជា បានបង្កើតឡើង នៅឆ្នាំ២០១៣ ក្រោមរូបភាពប្រមូលផ្តុំផលិតផលខ្មែរផ្សេងៗគ្នា មកធ្វើការតាំងពិព័រណ៍ប្រចាំខែ។ បើតាមលោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងផ្សារផលិតផលកម្ពុជា បានឲ្យដឹងថា ក្រោយមានការគាំទ្រពីអ្នកទេសចរ នៅឆ្នាំ២០១៦ ផ្សារនេះ បានបើកលក់ជាប្រចាំថ្ងៃរហូតមកដល់បច្ចុប្បន្ន។

អាជីវករក្នុងផ្សារផលិតផលកម្ពុជានេះ បានឲ្យដឹងថា យើងបានខិតខំយ៉ាងខ្លាំងនៅក្នុងការផ្សព្វផ្សាយ ដើម្បីឲ្យអ្នកទេសចរបានដឹង បានស្គាល់ អំពីទីកន្លែងដែលមានសុទ្ធសឹងជាស្នាដៃកូនខ្មែរមួយនេះ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី គេសង្កេតឃើញអ្នកទេសចរបរទេសមកកាន់ផ្សារនេះ មានចំនួនច្រើនជាងជនជាតិខ្មែរ។

គួរបញ្ជាក់ថា បើទោះជាចំនួនអ្នកទេសចរបរទេសច្រើនជាងទេសចរក្នុងស្រុកក្តី ក៏ក្រុមអាជីវករ បានអំពាវនាវដល់បងប្អូនខ្មែរដែលអញ្ជើញមកលេងខេត្តសៀមរាប គួរតែមកទស្សនានៅផ្សារកសិផលកម្ពុជានេះម្តង ដើម្បីឈ្វេងយល់ថា ផលិតផលខ្មែរ មានអ្វីខ្លះ? ហើយក៏ជាការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ៕




