Friday, February 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បែងចែកភាគលាភ​ជូន​ភាគហ៊ុនិកឯកជនជាង ៤ប៊ីលានរៀល និង​ភាគ​លាភ​របស់រដ្ឋជាង ២៥ ប៊ីលានរៀល

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបែងចែកភាគលាភជូនភាគហ៊ុនិក ក្នុងឆ្នាំ២០២៣ មានទំហំទឹកប្រាក់សរុបជាង ៣០ប៊ីលានរៀល ក្នុងនោះទឹកប្រាក់ជាង ៤ប៊ីលានរៀល ជាភាគលាភ ដែលត្រូវបែងចែកជូនភាគហ៊ុនិកឯកជន និងទឹកប្រាក់ប្រមាណជាង ២៥ប៊ីលានរៀល ជាភាគលាភរបស់រដ្ឋ។

កន្លងទៅថ្មីៗនេះ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ក្រុមប្រឹក្សាភិបាល បានឯកភាពជាឯកច្ឆន្ទ រក្សាទុកប្រាក់ចំណេញប្រមាណជាង ១០៩ប៊ីលានរៀល និងភាគលាភសរុប ដែលត្រូវបែងចែកជូនភាគហ៊ុនិក មានទឹកប្រាក់ជាង ៣០ប៊ីលានរៀល ក្នុងនោះទឹកប្រាក់ចំនួនជាង ៤ប៊ីលានរៀល ជាភាគលាភដែលត្រូវ បែងចែកជូនភាគហ៊ុនិកឯកជន និងទឹកប្រាក់ជាង ២៥ប៊ីលានរៀល ជាភាគលាភរបស់រដ្ឋ ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទឹកប្រាក់នេះ នឹងត្រូវបែងភាគហ៊ុនិក ចាប់ពីថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០២៤ ក្នុងទឹកប្រាក់ ៣៥០រៀល ក្នុងមួយភាគហ៊ុន។

បើតាមឯកឧត្តម ម៉ី វ៉ាន់ ក្នុងឆ្នាំ២០២៣កន្លងទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រមូលចំណូល សរុបបានចំនួនជាង ៣៩២ប៊ីលានរៀល ក្នុងនោះ ចំណេញក្រោយពីបង់ពន្ធមានចំនួនជាង ១២៦ប៊ីលានរៀល, និងចំណេញ ជាមូលដ្ឋានក្នុងមួយភាគហ៊ុន មានចំនួនជាង ១.៤៥៥រៀល។

គម្រោងទឹកស្អាតក្នុងឆ្នាំ ២០២៣ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួន ៧ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផលិតទឹកស្អាតបានចំនួនជាង ២៧៩លានម៉ែត្រគូប ក្នុងនោះ បានពង្រីកបណ្តាញចែកចាយថ្មីបន្ថែម ប្រវែង ៤៦ គីឡូម៉ែត្រ, បង្កើនចំនួនអតិថិជនថ្មី ចំនួនជាង ៣០ពាន់បណ្តាញ ហើយមានអតិថិជនដែលមានចំណូលទាបជាង ៣.៧០០បណ្តាញ និងបានរក្សាអត្រាទឹកបាត់បង់ត្រឹមកម្រិតជាង ៨ភាគរយ។

គួរបញ្ជាក់ថា ជុំវិញភាគលាភដែលត្រូវបែងចែកក្នុងឆ្នាំ ២០២៣ នេះ បើធៀបនឹងឆ្នាំ ២០២២  មានការកើនឡើង ២០រៀល ក្នុងមួយភាគហ៊ុន, និងកើនឡើងប្រមាណ ១,៥ដង បើធៀបនឹងឆ្នាំ២០១៩ ដែលមានត្រឹមតែ ២៣០រៀល ក្នុងមួយភាគហ៊ុន។ កំណើន ភាគលាភនេះ បានឆ្លុះបញ្ចាំងពីចីរភាពប្រាក់ចំណេញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពីមួយឆ្នាំទៅមួយឆ្នាំ៕